ខេត្តកណ្តាលប្រជាជនមានទឹកស្អាតប្រើប្រាស់ ៨៤.១% និងមានបង្គន់អនាម័យប្រើ ៩៥%
កណ្តាល - នៅពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ចំនួនបួនកាលពីពេលថ្មីៗនេះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល មានប្រសាសន៍ថា គិតត្រឹមចុងឆ្នាំ២០២១ ទូទាំងខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទម្លាប់ទទួលទានទឹកស្អាត មាន ៩៤.៧% ។
ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ ខ្នងផ្ទះ ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តនឹងបន្តសកម្មភាពលើកម្ពស់ទឹកស្អាត និងអនាម័យឱ្យទទួលលទ្ធផលតាមការគ្រោងទុក នាពេលឆាប់ៗខាងមុខ ។
ខេត្តកណ្តាកមានស្រុកបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៤ស្រុក ៥៣ឃុំ និង ៤៤៥ភូមិ ។ ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF ទាំងបួនមុនគេក្នុងខេត្តកណ្តាល រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និងស្រុកលើកដែក ។
សូមជម្រាបថា កាលដើមខែកុម្ភៈ ឆ្នាំ២០២២ ខេត្តកណ្ដាល បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុក ODF ទាំងបួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភា ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ។ ថ្នាក់ដឹកនាំខេត្ត បានប្តេជ្ញាគាំទ្រ និងជំរុញឱ្យក្រុងស្រុកទាំងប្រាំពីរទៀត ទទួលបានអូឌីអេហ្វទាំងស្រុង ឈានទៅសម្រេចលទ្ធផល ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ៕