យល់ដឹងបន្ថែម ! តើអ្វីជាការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ?
ភ្នំពេញ - ការបន្ថែមវីតាមីននិងសារធាតុរ៉ែទៅក្នុងអាហារដែលត្រូវបានបរិភោគជាទូទៅ ឬហៅថាការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារមានសក្ដានុពលធ្វើឱ្យមានផលប៉ះជះដ៏ធំធេងលើបញ្ហាកង្វះមីក្រូសារជាតិ ។ កន្លងមកការបញ្ចូលមីក្រូសារជាតិបាននិងកំពុងដើរតួនាទីចម្បងធ្វើឱ្យសុខភាពសាធារណៈកាន់ប្រសើរឡើង ព្រមទាំងចូលរួមចំណែកផ្តល់ផលប្រយោជន៍ផ្សេងៗទៀត ។ នេះបើផ្អែកតាមឯកសារទស្សនទានសំខាន់ៗ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩ - ២០២៣ ។
ឯកសារទស្សនទាន បានបញ្ជាក់ថា ការបញ្ចូលមីក្រូសារជាតិពាក់ព័ន្ធទៅនឹងការបន្ថែមវីតាមីន ជាតិរ៉ែនៅក្នុងចំណីអាហារ ដែលជាទូទៅការបន្ថែមមីក្រូសារជាតិបែបនេះ បង្កឱ្យមានផលប៉ះពាល់តិចតួចទៅលើរសជាតិ និងការចម្អិន ។ ជាធម្មតាអាហារចម្បង និងគ្រឿងផ្សំបន្ថែម រមែងប្រើប្រាស់ជាមធ្យោបាយសម្រាប់បញ្ចូលមីក្រូសារជាតិ អាស្រ័យដោយអាហារដែលប្រជាជនភាគច្រើនបរិភោគ (WFP,2018) ។
ការបញ្ចូលមីក្រូសារជាតិទៅ ក្នុងចំណីអាហារ គឺជាជំហានមួយដ៏សំខាន់ ដើម្បីធានាបានថា ប្រជាជនទទួលបានរបបអាហារមួយដែលមានតុល្យភាព ជួយបំពេញភាពខ្វះខាតនៃមីក្រូសារជាតិនៅក្នុងករណីដែលប្រជាជនពិបាកទទួលបានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ។ ចំណុចនេះសំខាន់ជាពិ សេ សខណៈដែលចំនួនប្រជាជនមានការកើនឡើងនៅទីក្រុង (មករស់នៅតំបន់ទីក្រុងកាន់តែច្រើន) និងការបរិភោគអាហារកែច្នៃកាន់តែច្រើនជាងមុន ជាជាងការបរិភោគអាហារស្រស់ៗ ។
ប្រទេសជាច្រើនកំពុងទទួលទានចំណីអាហារដែលបានបញ្ចូលមីក្រូសារជាតិ ដើម្បីបង្កើនអាហារូបត្ថម្ភតាំងពីទស្សវត្សរ៍ឆ្នាំ ១៩៧០ ។ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ គឺជាយុទ្ធសាស្ត្រមួយដែលចំណាយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់អាស្រ័យដោយវាអាចគាំទ្រពីបណ្តាចែកចាយ និងការផ្ដួចផ្ដើមដែលមានស្រាប់ ដូចជាកម្មវិធីផ្តល់អាហារនៅតាមសាលារៀន និងសំណាញ់សុវត្ថិភាពសង្គម ។
តាមរយៈការធ្វើបែបនេះ វាមិនបានបង្វែរធនធានច្រើនចេញពីកិច្ចខិតខំប្រឹងប្រែងដទៃទៀតឡើយ ព្រមទាំងអាចប្រើប្រាស់ធនធានក្នុងទិសដៅស្រប គ្នា ទៅនឹងកម្មវិធីដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សម្តៅដោះស្រាយបញ្ហាការយល់ដឹងរបស់អ្នកប្រើប្រាស់ ការផ្លាស់ប្តូរ ការប្រព្រឹត្តិ និងមូលហេតុគ្រឹៈនៃមូលដ្ឋានបញ្ហាកង្វះអាហារូបត្ថម្ភ ។
អាហារដែលត្រូវបានគេមីក្រូសារជាតិ អាចផ្តល់វីតាមីន និងសារធាតុរ៉ែជូនដល់ប្រជាជនជាច្រើន ដោយមិនតម្រូវឱ្យមានការផ្លាស់ប្តូរក្នុងគម្រោងទ្រង់ទ្រាយធំចំពោះការប្រព្រឹត្ត ឬទៅលើរបបអាហាររបស់យើងឡើយ ។ ឧទាហរណ៍អំបិល គឺជាគ្រឿងផ្សំដែលគេប្រើប្រាស់ជាទៀងទាត់នៅក្នុងប្រទេ ស កម្ពុជា នឹងត្រូវយកទៅបញ្ចូលសារជាតិអីយ៉ូត ។
ការធ្វើបែបនេះនាំឱ្យកម្រិតសារភាពជាតិអ៊ីយ៉ូតមានភាពប្រសើរឡើងសំខាន់សម្រាប់ការលូតលាស់សុខភាពល្អ និងការរៀនសូត្រ ។ ទោះបីជាមានភ័ស្តុតាងបញ្ជាក់អំពីផលប៉ះពាល់តាមរយៈការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិលក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែមានប្រភេទអាហារដទៃតិចណាស់ដែលត្គេយកទៅដាក់បញ្ចូលសារជាតិមីក្រូសារជាតិ ។
ទឹកត្រីនិងទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំដែលគេតែងតែប្រើជាទូទៅនៅក្នុងការចម្អិនអាហាររបស់ខ្មែរ និងជាមធ្យោបាយដ៏ល្អសម្រាប់ការកម្រិតបញ្ចូលផងដែរ ។ កម្រិតជាតិដែកទាប គឺជាបញ្ហាដ៏គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ជាហេតុនាំឱ្យមានស្ថានភាពគ្រោះថ្នាក់មួយចំពោះសុខភាពដែលហៅថា ជំងឺខ្វះគ្រាប់ឈាមក្រហម ។ នេះគឺជាបញ្ហាសម្រាប់កុមារ ក៏ដូចជាអ្នកម្តាយវ័យក្មេងៗ ដែលត្រូវការជាតិដែកក្នុងកម្រិតមួយល្អ មុននិងក្រោយពេលមានផ្ទៃពោះ (អង្គការទស្សនៈពិភពលោក ឆ្នាំ២០១៩ ។
សូមជម្រាបថា ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារក្នុងប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អនុគណៈកម្មាធិការជាតិបញ្ចូលមីក្រូសារជាតិសម្របសម្រួលដោយក្រសួងផែនការ ៕