បន្ទោបង់ពាសវាលពាសកាលនាំឱ្យកម្ពុជាខាតបង់ប្រាក់ប្រមាណ ៤៥០លានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ - កង្វះអនាម័យតាមរយៈសកម្មភាពបន្ទោបង់ពាសវាលពាសកាលមានផលប៉ះយ៉ាងខ្លាំងសម្រាប់សហគមន៍ និងបណ្តាលឱ្យកម្ពុជាខាតបង់ប្រាក់ប្រមាណ ៤៥០លានដុល្លារក្នុងមួយឆ្នាំ ។ ជំងឺអាចកើតឡើងចំពោះមនុស្សដោយសារការខ្វះអនាម័យ មានដូចជា ជំងឺរាក ជំងឺផ្លូវដង្ហើម ជំងឺដង្កូវព្រូន ជំងឺភ្នែក ជំងឺគ្រុនពោះវៀន ជំងឺសើស្បែក និងជំងឺផ្សេងៗ ព្រមទាំងបង្កជាជំងឺរោគស្ត្រីជាដើម ។
- ផលប៉ះពាល់ចំពោះសុខភាព : ការខ្វះអនាម័យ និងការបន្ទោបង់ពាសវាលពាសកាលបង្កឱ្យមានជំងឺជាច្រើនដូចជា ជំងឺរាក ជំងឺដង្កូវព្រូន ជំងឺក្រិះក្រិនចំពោះកុមារ រោគស្ត្រី ជំងឺផ្លូវដង្ហើម ជំងឺសើរស្បែក ។ល។
- ផលប៉ះពាល់ដល់សេដ្ឋកិច្ច : គឺខាតបង់ប្រាក់ប្រមាណ ៤៥០លានដុល្លារក្នុងមួយឆ្នាំ (លទ្ធផលអង្កេតប្រជាសាស្ត្រ ២០១៤ ) ដោយសារការចំណាយលើការថែទាំសុខភាព បង្អាក់ការរីកចម្រើនផ្នែកទេសចរ ខាតបង់ពេលវេលាបំពេញការងារ ។
- ផលប៉ះពាល់ចំពោះបរិស្ថាន : បង្កើតទម្លាប់រស់នៅក្នុងបរិស្ថានគ្មានអនាម័យ បង្ខូចប្រភពទឹកប្រើប្រាស់ និងភាពស្មោកគ្រោកនៅក្នុងសហគមន៍ជាដើម ។
ទន្ទឹមគ្នានេះដែរ សត្វដែលជាភ្នាក់ងារចម្លងរោគខ្លាំងជាងគេ គឺសត្វរុយ ហើយបន្ទាប់មកអាចជាសត្វចិញ្ចឹមផ្សេងៗនៅក្នុងភូមិ ។ សត្វរុយទំនៅលើលាមកដែលគេបន្ទោបង់ពាសវាលពាសកាលរួចហើយ ហើរនាំមេរោគដែលប្រឡាក់ និងជើងវាទៅទំលើចំណីអាហារចម្លងមកមនុស្ស ។
ភ្នាក់ងារចម្លងរោគផ្សេងទៀត ជាប្រភេទសត្វចិញ្ចឹម ដូចជា មាន់ ទា ជ្រូក ឆ្កែ ជាដើម ទៅប៉ះពាល់លាមកមនុស្សដែលបានបន្ទោបង់នៅទីវាល បន្ទាប់មកក៏ត្រឡប់មកមានចំណងទាក់ទងជាមួយមនុស្សនៅក្នុងគ្រួសារក្នុសហគមន៍វិញ ៕
ប្រភព : ១០០សំណួរ - ចម្លើយ ស្តីពីទឹកស្អាតនិងអនាម័យ