សាលារាជធានីភ្នំពេញតម្លើងម៉ូទ័របូមទឹកខ្នាតធំ ៣គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន

ថ្ងៃពុធ ទី១៥ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 834
1

 

ភ្នំពេញ - ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានតម្លើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រ ០១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ០២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។ ម៉ូទ័របូមទឹកទាំង ០៣គ្រឿងតំឡើងនៅរសៀលថ្ងៃពុធនេះ មានសមត្ថភាពបូមទឹកប្រមាណជាង ៤ម៉ឺនពីរពាន់ម៉ែត្រគូបក្នុងមួយម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុងមួយវិនាទីបន្ថែមលើសមត្ថភាពបូមទឹករបស់ស្ថានីយ៍បច្ចុប្បន្ន ។

 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈសកម្មភាពយកចិត្តទុកដាក់របស់អភិបាលសាលារាជធានីភ្នំពេញ មន្ទីរសាធារណការរាជធានីភ្នំពេញ កំពុងពន្លឿនការងារស្ថាបនាតំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើឱ្យបានរួចរាល់នៅមុនរដូវវស្សាឆ្នាំ ២០២២ ចូលមកដល់ ។ ប្រសិនមានករណីជន់លិចម៉ូទ័របូមទឹកខ្នាតធំទាំងបី អាចបូមទឹករំដោះចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាទាន់ពេលវេលា ។

 

មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកបឹងទំពុននឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕

 

អត្ថបទពេញនិយម