អភិបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក
ភ្នំពេញ - នារសៀលថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានចូលរួមរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក សាងសង់ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនឹងសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹក ដែលមានសមត្ថភាពបូមបាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក ។
តាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញ សង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹក ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងចំណាយថវិកាសាងសង់អស់ប្រមាណជាង ២៥លានដុល្លារអាម៉េរិក ។ នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ។
សូមជម្រាបថា តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture បានឈ្នះការដេញថ្លៃសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ៕