រាជធានីភ្នំពេញគ្រោងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រព្រឹត្តកម្មទឹកកង្វក់បាន ៥ពា​ន់​​​ម៉ែត្រ​​គូប​ក្នុង​មួយថ្ងៃ

ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 455
1

ភ្នំពេញ - មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ គ្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកង្វក់​ ៥ពា​ន់​ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ​ ដោយលោកអភិបាលរាជធានីភ្នំពេញ ។ នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងស្ថា​នី​យ៍ទឹកកង្វក់នេះ សង់លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  

 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃសុក្រនេះថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនឹងសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹក ដែលមានសមត្ថភាពបូមបាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក ។

 

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនឹងសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ ៧ម៉ែត្រតភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែកទំហំមុខកាត់ ០.៣ ម៉ែត្រប្រវែងប្រមាណ ១,៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណ​ង់​បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកតែម្តង ។

 

ជាមួយគ្នានេះ គម្រោងក៏នឹងការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ ។ តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

សូមជម្រាបថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក រដ្ឋាភិបាលកម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ ជប៉ុនផ្តល់ជំនួយ ២៥លានដុល្លារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅជើងឯកនេះ ។ 

អត្ថបទពេញនិយម