មន្ត្រីជាន់ខ្ពស់​សុខា​ភិ​បាល​​លើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់​

ថ្ងៃច័ន្ទ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 426
1

ភ្នំពេញ - នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ រៀបចំឡើងក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និង​កុមារ​ និង​កា​រ​​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” នៅថ្ងៃចន្ទនេះ មន្រ្តីជាន់​ខ្ពស់​ក្រសួង​សុខា​ភិ​បាល​​បានចាត់ទុកសកម្មភាពថែទាំសុខភាពស្ត្រីពេលមានផ្ទៃពោះ ជាផ្នែកសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់​ ស្រប​​នឹង​ការ​រស់​នៅ​តាម​គន្លង​ប្រ​ក្រ​តី​​ភាព​ថ្មី​ក្នុង​បរិ​បទ​នៃជំ​ងឺកូវីដ-១៩ ។

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងបរិបទនៃជំងឺតូវីដ-១៩ ស្រ្តីមាន​ផ្ទៃពោះនិងមាតា​គ្រប់​រូប​ត្រូ​វ​​​ទៅ​​ពិ​និ​ត្យ​សុខ​ភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព​ឱ្យបាន​ទៀង​ទាត់​ចំនួន​ ៤​ដ​ង តាម​ពេ​​ល​​វេ​លា​ និង​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ។ ទន្ទឹមគ្នានេះ ស្ត្រីជាម្តាយនឹងបានទទួលថ្នាំបង្ការជំងឺផ្សេងៗដែលអាចជួយដល់សុខភាពម្តាយ និងទារក ។

 

“សូមស្ត្រីជាម្តាយទីពិនិត្យសុខភាពឱ្យបានទៀងទាត់ ទទួលបានថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួល​យក​សេវា បង្ការព្យាបាលទាំងអស់ ពិ​សេ​​ស​​ការស្ម័គ្រ​ចិត្ត​ធ្វើ​តេស្ត​ឈាម​រកមេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នា​លុប​បំបាត់​ការ​ចម្លង​មេរោគ​ពី​ម្តាយ​ទៅកូ​ន”។​ លោក​ជំទាវ​វេជ្ជ​បណ្ឌិ​ត​ ​ប្រាក់ សោភ័ណនារី ។

 

លោកជំទាវវេជ្ជបណ្ឌិត បានបន្តថា សូមស្ត្រីជាម្តាយ​ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឬឆ្មបជំនាញ និង​ទៅ​ពិនិត្យ​សុខ​ភាព​ក្រោ​យ​ពេល​សម្រា​លទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដា​ន​សុខ​ភាព​និង​ការ​លូត​លា​ស់​​​របស់​កូន រហូត​ដល់​កូនមានអាយុពីរឆ្នាំ ។

 

នៅក្នុងដំណាក់កាលការលូតលាស់របស់កុមារតាំងពីវ័យដំបូង ម្តាយត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់​ពី​ពេល​ទារក​កើត​ភ្លាម​រហូត​ដល់​ទារក​មាន​អាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះ​ម្តាយ​រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាង​តិ​ច​២​ឆ្នាំ​។ ម្តាយត្រូវប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬ​កុមារ​តូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

 

សូមជម្រាបថា ទិវាជាតិសុខភាពមាតា និង​ទារក តែង​រៀបចំឡើងជារៀងរាល់ឆ្នាំ បំណង​ពង្រឹងការផ្តល់សេវាសុខភាពមាតា ទារក និង​កុមារ​ ពិសេសលើកទឹកចិត្តឱ្យស្ត្រីបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងផ្សព្វផ្សយចំណេះដឹងសុខភាពទៅកាន់សាធារណជន ៕

អត្ថបទពេញនិយម