ស្វាយរៀងក្លាយ​ជាខេត្តឈប់​បន្ទោរ​បង់​ពាស​វាល​ពាស​កាល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​

ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 473
1

ស្វាយរៀង - ដើមឆ្នាំ២០២២ ស្វាយរៀងបានក្លាយជាខេត្តដែលឈប់បន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ខេត្ត ODF) ដំបូងគេបង្អស់នៅកម្ពុជា ។ ជោគជ័យនេះកើតឡើងដោយសារការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន បញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ និងមានការជួយឧបត្ថមពីអង្គការដៃគូ ។ 

 

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) មានប្រសាសន៍ថា ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងបានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ប្តូរឥរិយាបទទំលាប់អាក្រកមកល្អ តាមរយៈការសាងសង់និងប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ ។ 

 

ឯកឧត្ដមបានបញ្ជាក់ថា ៖ "វីរជនអនាម័យបានចូលរួមសហការយ៉ាងសកម្មលើកកម្ពស់អនាម័យខេត្ត រួមមានអាជ្ញាធរក្រុងស្រុក សង្កាត់ ឃុំ មេភូមិ ជនបង្គោលអនាម័យនៅមូលដ្ឋាន និងមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូប បានធ្វើឱ្យអត្រាអនាម័យបានកើនពី៩២% ទៅ១០០% នៅទូទាំងខេត្តស្វាយរៀង"

 

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានឱ្យដឹងទៀតថា រូបភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តនាពេលនេះ កើតឡើងស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ ប្រទេសកម្ពុជាត្រូវសម្រេចឱ្យបាន១០០% ទាំងទឹកស្អាត និងអនាម័យនៅឆ្នាំ២០២៥ ។

 

តាមរយៈព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់និងចង្អុលបង្ហាញពីការគាំទ្រការងារទាំងនេះ ។

 

មុនពេលស្វាយរៀងក្លាយជាខេត្តដែលឈប់បន្ទោរបង់ពាសវាលពាសកាលទាំងស្រុង កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង បាន​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំង​ស្រុង​ (សម្រេច ODF) និងបានធ្វើពិធីប្រកាសទទួលស្គាល់ផ្លូវការជាស្រុកទីពីរ បន្ទាប់ពីស្រុកបន្ទាយមាស ខេត្តកំពត ។ 

 

នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្រុករំដួលជាស្រុកទីពីរ នៃខេត្តស្វាយរៀង ដែលប្រកាសទទួលស្គាល់ជាផ្លូវការជាស្រុកបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF District) ក្រោមអធិបតីភាពឯកឧត្ដម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។

 

សូមជម្រាបថា ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.មមានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ។ ប្រជាជនបច្ចុប្បន្នមានជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន២.៩៦៦,៤០ គីឡូម៉ែត្រការ៉េ បែងចែកជា ២ក្រុង (ក្រុងស្វាយរៀង និងក្រុងបាវិត) និង ៦ស្រុក (ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា) ចែកចេញជា១២សង្កាត់ និង៦៨ឃុំ (៨០ ឃុំ-សង្កាត់) ស្មើនឹង ៦៩០ភូមិ ៕

អត្ថបទពេញនិយម