ទិវាពិភពលោកលាងសំអាតដៃ២០២១ ជានិមិត្តរូបរំលឹកសារអប់រំកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 377
1

ព្រៃវែង - ពិភពលោកកំពុងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ទិវាពិភពលោកលាងសំអាតដៃ២០២១ បានកំណត់ជានិមិន្តរូបរំលឹកសារអប់រំសុខភាពបញ្ជៀសជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ។ នៅកម្ពុជាទិវាពិភពលោកលាងសំអាតដៃ បានប្រារព្ធឡើងក្រោមប្រធានបទ អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងដៃទាំងអស់គ្នា ថ្ងៃទី១៨ ខែតុលាកន្លងទៅ នៅខេត្តព្រៃវែង ។

លោក ឡុក វុឌ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង មានប្រសាសន៍ថា ទិវាពិភពលោកលាងសម្អាតដៃឆ្នាំ២០២១ ផ្សារភ្ជាប់សារអប់រំលាងសម្អាតដៃក្នុងអំឡុ​ង​កូវី​ដ១៩ និងកាត់បន្ថយជំងឺរាតត្បាត ។ សារអប់រំសុខភាពខាងលើស្របតាមប្រមុខរាជរដ្ឋាភិបាលចេញវិធានការ ៣កុំ ៣ការពារ ត្រូវរៀនរស់ដោយអនាម័យត្រឹមត្រូវទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។ 

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រែវែង បានចាត់ទុកថា ទិវាពិភពលោកលាងសម្អាតដៃសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជា ពិសេសប្រជាជននៅទូទាំងខេត្តព្រៃវែង ។ ឯកឧត្តម មានប្រសាសន៍ថា ទិវានេះនឹងជួយជំរុញឱ្យប្រជាពលរដ្ឋមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ ដើម្បីរួមចំណែកលើកកម្ពស់អនាម័យនៅតាមគ្រួសារ សាលារៀន និងសហគមន៍ទាំងមូល ។

ចំណែកឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងដែរថា ក្នុងបរិបទកូវីដ-១៩កំពុងរីករាលដាល ការលាងសម្អាតដៃជាមួយសាប៊ូជាសកម្មភាពដ៏មានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ។ 

សូមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃឆ្នាំ២០២១  បានរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូពាក់ព័ន្ធមួយចំនួនដូចជា អង្គការ PLAN, អង្គការ WaterAid, អង្គការ World Vision, អង្គការ  Engineer Without Borders Australia, អង្គការ iDE, និងក្រុមហ៊ុន Smart ៕

អត្ថបទពេញនិយម