អ្នកភូមិត្រពាំងថ្ម ២៤៥គ្រួសារនៅស្រុកបន្ទាយស្រីទទួលបានអណ្តូងទឹកទំនើបសម្រាប់សហគមន៍
សៀមរាប - នៅថ្ងៃអាទិត្យនេះ អ្នកភូមិត្រពាំងថ្ម ២៤៥គ្រួសាររស់នៅស្រុកបន្ទាយស្រី បានទទួលអំណោយអណ្តូងទឹកស្អាតសម្រាប់សហគមន៍បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះមួយម៉ឺនលីត្រពីរដ្ឋបាលស្រុកបន្ទាយស្រី តាមរយៈជំនួយថវិការបស់សមាគម Jesus Christ of Latter-day Saints ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រសាសន៍បញ្ជាក់ថា ភូមិត្រពាំងថ្មមានប្រជាជនអ្នកភូមិទាំង ២៤៥គ្រួសារខ្វះខាតទឹកប្រើប្រាស់ ។ រយៈពេលពីរឆ្នាំចុងក្រោយនេះ លោកបានកៀរគរសប្បុរសជនជាច្រើន ដើម្បីជួយសង់អណ្ដូងក្នុងភូមិ ហើយអណ្ដូងទឹកមិនក្រោម ២០គ្រឿងទេ ដែលរដ្ឋបាលស្រុកនិងសប្បុរសជន បានជួយសាងសង់ក្នុងបំណងជួយដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុកបន្ទាយស្រី ជួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្មទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម Jesus Christ of Latter-day Saints ដែលបានចំណាយថវិកាជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមទឹកប្រើប្រាស់របស់អ្នកភូមិត្រពាំងថ្ម ។
សូមជម្រាបថា កន្លងទៅអ្នកភូមិត្រពាំងថ្ម កុំថាឡើយមានទឹកងូតប្រើប្រាស់ ឬស្រោចស្រពដំណាំ សូម្បីតែទឹកស្អាតសម្រាប់បរិភោគក៏ពិបាករកបានដែរ ។ ក្រៅពីទឹកភ្លៀងនិងទឹកស្រះដែលនៅសេសសល់តិចតួចពីរដូវវស្សា អណ្តូងធម្មតាមិនអាចជីក ឬបុកយកទឹកទៅប្រើប្រាស់បាននោះទេ ហើយប្រជាជននៅទីនេះភាគច្រើនត្រូវពឹងផ្អែកទៅលើស្រះទឹកសហគមន៍ និងត្រូវទិញទឹកពីអ្នកដឹកយកមកលក់ពីតំបន់ផ្សេង ៕