ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ៖ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ
ភ្នំពេញ - “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ជាប្រធានបទនៃទិវាជាតិអាហារូបត្ថម្ភលើកទី៩ ឆ្នាំ២០២២ ប្រារព្ធឡើងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីសុវត្ថិភាពម្ហូបអាហារ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។
ទិវាជាតិអាហារូបត្ថម្ភដែលបានប្រព្រឹត្តិទៅពេញមួយថ្ងៃទី០៤ ខែតុលា នៅសណ្ឋាគារ HYATT REGENCY PHNOM PENH បានលើកឡើងពីវឌ្ឍនភាពការងារលើកកម្ពស់សុវត្ថិភាពស្បៀង និងផលិតកម្មស្បៀងរបស់អង្គភាពចំណុះរបស់រាជរដ្ឋាភិបាល និងបណ្តាដៃគូរអភិវឌ្ឍន៍នានា ។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការលើកម្ពស់សុវត្ថិភាពចំណីអាហារនឹងជួយឱ្យប្រជាជនរស់នៅមានសុខុមាលភាព ហើយកុមារកម្ពុជានឹងចៀសផុតពីបញ្ហាប្រឈមនានា បណ្តាលមកពីការទទួលទានអាហារ និងទទួលបានអាហារូបត្ថម្ភពេញលេញ ។
- ផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះពី ៣២% មកត្រឹម២២%
- អត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤% មកត្រឹម ១៦% ។
- ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ អត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨% ។
ជុំវិញព្រឹត្តិការណ៍អាហារូបត្ថម្ភជាតិនេះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការចូលរួមនិងផ្តោតការយកចិត្តទុកដាក់ទៅលើការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ម្ហូបអាហារ សុខាភិបាល អប់រំ ការងារ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក យេនឌ័រ ទឹកស្អាតនិងអនាម័យ កិច្ចគាំពារសង្គម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ។
ឯកឧត្តម សុខ ស៊ីឡូ ៖ “ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តែងតែជ្រើសរើសយកប្រធានបទសម្រាប់ទិវាជាតិអាហារូបត្ថម្ភ ទៅតាមវិស័យនីមួយៗ ស្របតាមស្ថានភាពជាក់ស្តែង និងភាពចាំបាច់របស់ប្រទេសជាតិ ដើម្បីបំផុសស្មារតីយកចិត្តទុកដាក់ក្នុងការសហការអនុវត្ត” ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានលើកឡើងដែរថា ការពង្រឹងប្រព័ន្ធស្បៀងអាហារដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព ជាកិច្ចការសំខាន់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បញ្ជាក់ថា ៖ “ប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំត្រូវមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានចីរភាពបរិស្ថាន ចីរភាពសង្គម ចីរភាពសេដ្ឋកិច្ច និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដីយើង” ។
គួរបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារនៅកម្ពុជាបានក្លាយជាប្រធានបទព័ត៌មានសំខាន់មួយដែលភាគីពាក់ព័ន្ធកំពុងត្រូវយកចិត្តទុកដាក់ ។ នៅកម្ពុជាការងារពង្រឹងប្រព័ន្ធស្បៀងអាហារដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព ដឹកនាំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអង្គភាពចំណុះមួយចំនួន ដូចជា ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហ៍កម្ម និងក្រសួងផែនការជាដើម ។