រាជធានីនិងទីក្រុង៤ របស់កម្ពុជាទទួលបានវិញ្ញាបនបត្របរិស្ថានស្អាត និងពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន
ភ្នំពេញ - នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ ក្រសួងបរិស្ថានបានប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រដល់រាជធានី និងក្រុងរបស់កម្ពុជាចំនួន០៤ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតអាស៊ាន ។ ការប្រគល់នេះ បន្ទាប់ពីទទួលបានសេចក្តីសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៦ រៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងមក ។
កម្ពុជាទទួលបានវិញ្ញាបនបត្រចំនួន ០៣ រួមមាន ក្រុងកែបជាទីក្រុងខ្យល់ស្អាត រាជធានីភ្នំពេញជាទីក្រុងទឹកស្អាត និងក្រុងសែនមនោរម្យជាទីក្រុងដីស្អាត ។ ដោយឡែកក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២១ ។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របរិស្ថានស្អាត និងពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់ភាពកក់ក្តៅ សន្តិភាព និងសុខុមាលភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានកំណត់យកការអភិវឌ្ឍបៃតងជាគោលការណ៍សំខាន់នៃការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួបរិស្ថាន មានប្រសាសន៍ថា ៖ “ការអភិវឌ្ឍបៃតងនឹងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ” ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ធានាបានទីក្រុងស្អាតនិងបៃតង ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យដោយមានសសរស្តម្ភសំខាន់ៗចំនួន ០៤ រួមមាន ការធ្វើទំនើបកម្មស្ថាប័ន, ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ, កិច្ចគាំពារបរិស្ថាន, និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមបញ្ចូលគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅទីក្រុងហាណូយនាឆ្នាំ២០០៨ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពរួមមួយសម្រាប់តំបន់ គឺការអភិវឌ្ឍទីក្រុងឱ្យមាននិរន្តរភាពបរិស្ថាន ដែលមានសូចនាករវាយតម្លៃសំខាន់ចំនួន៣ គឺខ្យល់ស្អាត ទឹកស្អាត និងដីស្អាត និងដោយបានធ្វើការប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន (ASEAN ESC Award) នៅតាមប្រទេសអាស៊ាន ៕