ជប៉ុនផ្តល់ថវិកាជាង ១លានដុល្លារសម្រាប់កសាងសមត្ថភាពយុវជន និងលើកកម្ពស់សុខភាពសហគមន៍

ថ្ងៃពុធ ទី០៩ ខែមិនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 445
1

ភ្នំពេញ - រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១លានដុល្លារអាម៉េរិកដល់អង្គការក្រៅរដ្ឋាភិបាលពីរនៅកម្ពុជា ដើម្បី​កសាង​សមត្ថ​ភាព​យុវជន លើក​កម្ពស់​សុខភាព​សហគ​មន៍ និងអនាម័យ ។ ហិរញ្ញប្បទានឥតសំណងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែមីនាកន្លងទៅ បានប្រគល់​ទឹក​​ប្រាក់ជាង ៤សែនបួនម៉ឺនដុល្លារអង្គការកុមារឥតព្រំដែន (KnK) និងទឹកប្រាក់ជាង ៦សែនបួនម៉ឺនដុល្លារដល់អង្គការ World Vision Japan (WVJ)។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនក្នុងចុះហត្ថលេខាប្រគល់​ទឹក​​ប្រាក់ ជូនអង្គការកុមារឥតព្រំដែន (KnK) និងអង្គការ World Vision Japan (WVJ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។

អង្គការកុមារឥតព្រំដែន (KnK) នឹងយកទឹកប្រាក់ទាំងនោះទៅអនុវត្តគម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាម​រយៈ​ការ​ពង្រឹងម​ជ្ឈ​មណ្ឌល​សិក្សា​សហគ​មន៍ (ឆ្នាំទី៣) ហើយអង្គការ World Vision Japan នឹងអនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្ត​ព្រះវិ​ហារ​ (ឆ្នាំទី៣) ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះអង្គការទាំងពីរដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ រដ្ឋា​ភិបា​ល​​ជប៉ុនចាត់ទុកថា ការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជាមានសារៈសំខាន់ស្មើគ្នា នៅក្នុងការចូលរួម​ចំណែក​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​របស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។

សូមជម្រាបថា កាលថ្ងៃទី០៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាចំនួនជាង ២សែនប្រាំមួយម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងបរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ក្រោម​វត្តមា​ន​របស់ ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជំនួយឥតសំណងនេះ មានគោលបំ​ណង​លើកក​ម្ព​ស់​​គុណ​ភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង។

កាលពីនៅថ្ងៃទី០៤ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួនជាង ២សែនប្រាំមួយម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈ​មណ្ឌលស្តា​រ​លទ្ធភាព​ពលកម្មកាយសម្បទាខេត្តក្រចេះ និងការសាងសង់ឡើងវិញស្ថានីយផលិតទឹកស្អាតខ្នាតតូចនៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ព្រមទាំងការផ្តល់ការ​ផ្តល់​ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាតនៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង៕

 

 

អត្ថបទពេញនិយម