ប្រជាពលរដ្ឋនៅភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ចាប់ពីចុងឆ្នាំ២០២២

ថ្ងៃអង្គារ៍ ទី០៣ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 322
1

ភ្នំពេញ - អ្នករស់នៅរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របនឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត​សរុបប្រមាណ ១លានម៉ែត្រគូប​ ចាប់ពី​ចុង​ឆ្នាំ​២០២២​ ហើយ​ធានាការ​ប្រើប្រាស់​ពេញលេញរហូតដល់ឆ្នាំ២០៣០ ។ នៅក្នុង​សន្និសីទ​កាសែត​រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាកន្លងទៅ

លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ បានថ្លែងថា ​បច្ចុប្បន្ន​សមត្ថភាព​ផលិតទឹកស្អាត​នៅទីក្រុងភ្នំពេញ​មានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ​ខណៈតម្រូវ​ការ​មានរហូត​ដល់ទៅ​៧០​ម៉ឺន​ម៉ែត្រគូប ​។

​លោក សម សិទ្ធិ ​ពន្យល់​ថា ​ទឹកស្អាតមិនទាន់ប្រើប្រាស់គ្រប់គ្រាន់តាមតំរូវការនៅពេល​នេះ បណ្តាលមកពីតំបន់រដ្ឋបាលមួយចំនួនរបស់ខេត្តកណ្តាល​ត្រូវបានកាត់​ចូល​រាជធានី​ភ្នំពេញ ​។​ លោកបន្តថា ជាដំណោះស្រាយរដ្ឋករទឹកកម្ពុជា​ កំពុង​សាងសង់​អាង​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​៣កន្លែង​ផ្សេងទៀត​ ដែល​មាន​សមត្ថភាព​ផលិតទឹកស្អាត​ជាង​៤០ម៉ឺនម៉ែត្រ​គូប​ ​មានទីតាំងនៅបាក់ខែង​ និងនៅតាខ្មៅ (២០ម៉ឺនម៉ែត្រគូប) ។

សូមបញ្ជាក់ថា រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង តម្លៃជាង១៥០លានដុល្លារ នឹង​ចាប់​ផ្ដើម​សាង​សង​នៅ​​ខែ​ឧសភា​ ​ឆ្នាំ​២០២០​ ខាង​មុខ​ ​​មាន​សមត្ថភាព​ផលិត​បានទឹកស្អាត ១៩៥ពាន់ម៉ែត្រគូប​ក្នុង១ថ្ងៃ។

តាម​​​ការ​ព្យាករណ៍ ​បាន​បង្ហាញ​​ថា តំរូវ​ការ​ទឹក​ស្អាត​ នៅ​រាជធានីភ្នំពេញ​នឹង​មាន​រហូត​ដល់​ជាង​៩០០ពាន់ម៉ែត្រ​គូប​ក្នុង១ថ្ងៃ នៅឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូប​ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់​បម្រើ​តម្រូវ​ការ​ទឹក​ស្អាតជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥៤០ពាន់គ្រួសារ ៕

អត្ថបទពេញនិយម