ប្រទេសថៃផ្តល់ទឹកស្អាតឱ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩
ទីក្រុងបាងកក - គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារ៍ ខែឧសភាកន្លងទៅ បានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃទឹកជាពិសេសសម្រាប់អ្នកប្រើទឹកលើសចំនួនកំណត់នៃការប្រើប្រាស់មិនគិតថ្លៃ។ នេះ បើតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរទឹកស្អាតថៃ (MWA) ។
អាជ្ញាធរទឹកស្អាតថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាតត្រូវផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋានដែលប្រើប្រាស់លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០%ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតដល់ខែកក្កដា ។
សេចក្តីសម្រេចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ និងជាការបន្ធូរបន្ថយថ្លៃចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ជាពិសេសទៅលើវិស័យទេសចរណ៍ ។
សូមបញ្ជាក់ថា មុនយុទ្ធនាការបញ្ចុះតម្លៃទឹកនេះ កាលពីថ្ងៃចន្ទ ទី២០ ខែមេសាកន្លងទៅ អាជ្ញាធរទឹកស្អាតថៃ បានប្រកាសកាលថានឹងកាត់បន្ថយថ្លៃទឹក ៣ភាគរយដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅបាងកក ខេត្តនុនថាបូរី និងខេត្តសាមុតប្រាកាន ក្នុងរយៈពេលបីខែ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈស្ថានភាពជំងឹផ្លូវដង្ហើមកូវីដ១៩ រីករាលដាលខ្លាំង ។