កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងនៃមូលនិធីអាស៊ី-អឺរ៉ុបលើកទី៤ ជ្រើសរើសសកម្មភាពដាំកូនឈើរួមគ្នា

ថ្ងៃសៅរ៍ ទី២១ ខែធ្នូ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 536
1

សៀមរាប – ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី-អឺរ៉ុប និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លើកឡើងថា ការផ្ដួចផ្ដើមគំនិតឱ្យមានសកម្មភាពដាំដើមឈើជាទំនួលខុសត្រូវរួមដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសកលមិនអាចមើលរំលងបានឡើយ ។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងនៃមូលនិធីអាស៊ី-អឺរ៉ុបលើកទី៤ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៣​ សកម្មភាពអាកាសធាតុ «ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» នាព្រឹកថ្ងៃសប្តាហ៍ទី៣ នៃខែវិច្ឆិកាកន្លងទៅ នៅខេត្តសៀមរាប ។  

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី-អឺរ៉ុប មានប្រសាសន៍ថា ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុបនេះ រៀបចំឡើងប្រកបដោយអត្ថន័យចំណងការទូតជាលក្ខណៈអន្តរជាតិបន្ថែមទៀត និងជាសកម្មភាពប្រកបដោយការយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុជាសកលពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា និងអន្តរជាតិ ។

សូមជម្រាបថា ពិធីដាំកូនឈើក៏មានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងតំណាងបណ្ដាស្ថានទូតនៃប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ៕

អត្ថបទពេញនិយម