រដ្ឋាភិបាលអូស្ត្រាលីបន្តគាំទ្រកម្មវិធីលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងបរិយាបន្ននៅកម្ពុជា
ភ្នំពេញ - ប្រទេសអូស្ត្រាលីកំពុងបន្តគាំទ្រដល់អង្គការ WaterAid Cambodia តាមរយៈកម្មវិធីសហប្រតិបត្តិការរវាងអូស្ត្រាលីនិងអង្គការមិនមែនរដ្ឋាភិបាល (ANCP) ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងបរិយាបន្ននៅកម្ពុជា ។ ផ្នែកតាមព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីចាំកម្ពុជា បានបញ្ជាក់ថា គម្រោងនេះមានរយៈពេលបីឆ្នាំ ដោយមានថវិកាសរុបចំនួន ៥២៥.០០០ ដុល្លារអូស្ត្រាលី ។
កាលអង្គារ៍ម្សិលមិញ ឯកអគ្គរាជទូតអូស្រ្តាលី ឯកឧត្តម Pablo Kang និងលោកស្រី Karlene Maywald ប្រធានក្រុមប្រឹក្សាភិបាលអង្គការ WaterAid Australia ព្រមទាំងលោកស្រី Rosie Wheen នាយកប្រតិបត្តិ WaterAid Australia បានជួបសំណេះសំណាលសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ។
សូមជម្រាបថា កន្លងទៅតាមរយៈកម្មវិធី ANCP អង្គការ WaterAid បានរួមចំណែកបង្កើនលទ្ធភាពទទួលបានទឹកស្អាតដល់ប្រជាជនជាង ១៧.៤០០ នាក់ និងអនាម័យដែលមានការកែលម្អដល់ប្រជាជន ៦៩.៦០០នាក់ រស់នៅតាមសហគមន៍ជនបទ ។ អង្គការ WaterAid ក៏បានគាំទ្រដល់ការកែលម្អអនាម័យនៅមូលដ្ឋានថែទាំសុខភាពផងដែរ (មណ្ឌលសុខភាព) ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ និងបុគ្គលិកជាង ៩៧.០០០នាក់នៅក្នុងមណ្ឌលសុខភាពចំនួន ០៩កន្លែង។
គួរបញ្ជាក់ថា តាមរយៈកម្មវិធី ANCP រដ្ឋាភិបាលអូស្ត្រាលីកំពុងផ្តល់មូលនិធិដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៥ អនុវត្តគម្រោងចំនួន ៥៥ នៅរាជធានីភ្នំពេញ និង ២២ខេត្តនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ចនេះ ។ ការង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងបរិយាបន្ន មានន័យថា គ្រប់គ្នាត្រូវទទួលបានសេវាទឹកស្អាត និងអនាម័យពេញលេញ ពិសេសជនងាយរងគ្រោះក្នុងវិស័យទឹកនិងអនាម័យ មានដូចជា ជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយ និងក្មេងកំព្រាជាដើម ៕ (រូបភាពដកស្រង់ពីអង្គការ Water Aid Cambodia )