រដ្ឋបាលខេត្តបាត់ដំបងរៀបចំកម្មវិធីអប់រំពីភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់

ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 370
1

បាត់ដំបង - នាព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីភាពចាំបាច់នៃការប្រើប្រាសប្រព័ន្ធលូ និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបងទៅកាន់សាធារណជន ។ ការប្រារព្ធកម្មវិធីនេះ មានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ទៅលើភាពចាំបាច់នៃការប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ។ 

 

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងសាធារណការមានបំណងផ្សព្វផ្សាយអំពីគុណប្រយោជន៍ និងភាពចាំបាច់នៃការថែទាំគុណភាពហេដ្ឋាចនាសម្ព័ន្ធសាធារណៈ ដើម្បីចូលរួមរក្សាគុណភាពហេដ្ឋាចនាសម្ព័ន្ធប្រកបដោយនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ ។ 

 

 

ឯកឧត្តម វង្ស ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា ៖ទឹកកខ្វក់ដែលចេញពីលំនៅឋាន និងអាជីវកម្មផ្សេងៗជាច្រើនកំពុងបញ្ចេញចោលទៅក្នុងស្ទឹង បឹង ប្រឡាយ ឬជ្រាបទៅក្នុងដីដោយគ្មានការសម្អាតជាមុន ។ សំណល់ទឹកកង្វក់ទាំងនោះអាចបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនមានការចូលរួមបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋបានទូលំទូលាយ 

 

ចំណែកឯកឧត្តម សឿម ប៉ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថា តាមរយៈក្រសួងជំនាញ និងដៃគូអភិវឌ្ឍន៍ ក្រុងបាត់ដំបងបានសាងសង់ប្រព័ន្ធលូ ស្ថានីយ៍បូមទឹកកខ្វក់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្មី ដើម្បីគ្រប់គ្រងប្រព័ន្ធបង្ហូរនានា ។ ទន្ទឹមគ្នានេះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរៀបចំនិងតភ្ជាប់ប្រព័ន្ធលូនៅក្នុងក្រុងទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ។

 

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹកកខ្វក់ កត្តាសំខាន់គឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវយល់ដឹងអំពីការវេចខ្ចប់សំរាមនិងកាកសំណល់រាវ និងរឹងឱ្យបានត្រឹមត្រូវ ដើម្បីភ្នាក់ងារប្រមូលយកទៅចោលនៅទីតាំងដែលមានសុវត្ថិភាព។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម សឿម ប៉ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ។

 

សូមជម្រាបថានៅក្នុងពិធីផ្សព្វផ្សាយខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ប្រធាន និងអនុប្រធានមន្ទីរនានាក្នុងខេត្ត អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងក្រុងបាត់ដំបង ។ ខេត្តបាត់ដំបង ជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន