កម្ពុជា-អូស្ត្រាលីអនុវត្តគម្រោង CAP-RED ថវិកាចំនួន ៨៧លានដុល្លារអូស្ត្រាលី
ភ្នំពេញ - បើតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា ឯកអគ្គរាជទូត Kang បានជួបជាមួយឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដោយពិភាក្សាចុងក្រោយលើការបង្កើតកម្មវិធីថ្មីរបស់អូស្ត្រាលី ដែលមានថវិកាចំនួន ៨៧លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ ហៅកាត់ថា CAP-RED ។
កម្មវិធីកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ ហៅកាត់ថា CAP-RED នឹងជួយដល់ការផ្លាស់ប្តូរទៅរកកសិកម្មដែលមានតម្លៃខ្ពស់ និងការកែច្នៃកសិផល ជំរុញការអភិវឌ្ឍវិស័យទឹក ថាមពល និងភស្តុភារ និងជួយធុរកិច្ចកម្ពុជា ដើម្បីទទួលបានឱកាសទីផ្សារថ្មីៗ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងចាត់ទុកកម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺជួយដល់ការស្ថារឡើងវិញ ភាពធន់ និងកំណែទម្រង់។
ឯកអគ្គរាជទូត Kang មានប្រសាសន៍ថា កម្មវិធី CAP-RED ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់កម្ពុជា និងការគាំទ្រកាន់តែស៊ីជម្រៅរបស់អូស្ត្រាលីក្នុងពេលប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០ លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។ កម្មវិធីនេះបានកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករបានច្រើន និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។
កម្មវិធី CAVAC របស់អូស្ត្រាលីបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ប៉ុន្តែវត្តមានកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ ហៅកាត់ថា CAP-RED បានបង្កើតឡើងបន្តទៀត ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី គាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខ៕