កម្ពុជាចាត់ទុកទឹកជា “មាសស” ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព
ប្រទេសជប៉ុន - ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ “ធនធានទឹកសម្រាប់កាអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ” នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាចាត់ទុកទឹកជាមាសស ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ។ រាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹកសំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ព្រមទាំងធានាបានសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្ដែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកបានកំណត់នៅគោលដៅទី៦ ស្តីពី "ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប” ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ ៖ “ដូច្នេះអភិក្រមនៃការគ្រប់គ្រងធនធានទឹករបស់យើងនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពជីវិតរស់នៅរបស់យើង និងកូនចៅរបស់យើងនាពេលអនាគត។ ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឱ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត (៤ចំណុចខាងក្រោម)” ។
- ទី១. ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក ។
- ទី២. ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រ ដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន ។
- ទី៣. ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។
- ទី៤. ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីវភាព សង្គមក្នុងការប្រើប្រាស់ និង ការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងជាងពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកផលប៉ះពាល់មិនធ្លាប់មានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល ។ ប៉ុន្តែវិបត្តិនេះ បានធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់អំពីភាពចាំបាច់ការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញនិងគាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់និងចីរភាព ។
ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត ចំនួនប្រជាជនកើនឡើងនិងការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក ។ ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹងនិងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ឈានទៅសម្រេចគោលដៅទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។ កម្ពុជាទន្ទឹងរង់ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងសេចក្តីប្រកាសក្រុងខឹម៉ាមូតុ ដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារៈសំខាន់សម្រាប់ពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធានាឱ្យបានការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់មនុស្សជាតិគ្រប់ជំនាន់ ៕