អ្នកស្រី Catherine Russell ស្ត្រីឆ្នើមលើកកម្ពស់ភាពអង់អាចដល់ក្មេងស្រី បានចូលកាន់តំណែងជានាយិកាប្រតិបត្តិយូនីសេហ្វ
ទីក្រុងញូវយ៉ក – នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ជាពេលវេលាដំបូងដែលអ្នកស្រី ខេតធឺរីន រ៉ាស់ហ៊្សល (Catherine Russell) បានចូលកាន់តំណែងជានាយិកាប្រតិបត្តិថ្មីរបស់យូនីសេហ្វ និងបានក្លាយជាស្ត្រីទី៤ ដែលកាន់តួនាទីដឹកនាំស្ថាប័ននេះក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់យូនីសេហ្វ ។ នេះបើតាមការចុះផ្សាយរបស់យូនីសេហ្វ ប្រចាំកម្ពុជា ។
អ្នកស្រី ខេតធឺរីន រ៉ាស់ហ៊្សល មានប្រសាសន៍ថា នេះជាកិត្តិយសដ៏ធំធេងសម្រាប់អ្នកស្រីដែលបានចូលរួមជាមួយយូនីសេហ្វ និងជួយដឹកនាំការងារដ៏អស្ចារ្យរបស់ស្ថាប័ននេះ ដើម្បីបុព្វហេតុកុមារក្នុងកាលៈទេសៈដ៏សំខាន់បែបនេះ។ នៅពេលដែលកុមាររាប់លាននាក់ទូទាំងសកលលោកកំពុងបន្តរងផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ និងវិបត្តិផ្សេងទៀត យូនីសេហ្វកំពុងដឹកនាំការអំពាវនាវឱ្យមានការការពារសិទ្ធិកុមារ និងអនាគតពួកគេ ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០២០ ដល់ ២០២២ អ្នកស្រី ខេតធឺរីន រ៉ាស់ហ៊្សល បានកាន់តួនាទីក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាឧបការីប្រធានាធិបតី និងជានាយិកាការិយាល័យបុគ្គលិកប្រធានាធិបតីនៅសេតវិមាន។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧ លោកស្រីធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកបញ្ហាស្រ្តីសកល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្នុងមុខតំណែងនេះ អ្នកស្រីបានបញ្ជ្រាបបញ្ហាស្រ្តីទៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ធ្វើជាតំណាងឱ្យសហរដ្ឋអាមេរិកក្នុងក្រុមប្រទេសជាង ៤៥ និងបានធ្វើការជាមួយរដ្ឋាភិបាលបរទេស អង្គការពហុភាគី និងអង្គការសង្គមស៊ីវិល។
អ្នកស្រី ខេតធឺរីន រ៉ាស់ហ៊្សល គឺជាស្ថាបនិកដ៏សំខាន់នៃ “យុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ភាពអង់អាចដល់ក្មេងស្រីជំទង់” ដែលជាយុទ្ធសាស្ត្រថ្មីមិនធ្លាប់មានកន្លងមក។ កន្លងមក អ្នកស្រី រ៉ាស់ហ៊្សល ធ្លាប់បំពេញតួនាទីជាឧបការីរងរបស់ប្រធានាធិបតីនៅសេតវិមាន ក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបញ្ហាស្រ្តីអន្តរជាតិ នៃគណៈ កម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា ជាអគ្គរដ្ឋអាជ្ញារងនៃក្រសួងយុត្តិធម៌ និងជាប្រធានសេនាធិការនៃគណៈកម្មាធិការយុត្តិធម៌របស់ព្រឹទ្ធសភា។
មុនពេលចូលបម្រើការងារជាថ្មីឲ្យរដ្ឋាភិបាលក្នុងឆ្នាំ២០២០ លោកស្រីជាសាស្ត្រាចារ្យបង្រៀននៅសាលា Harvard Kennedy School ក្នុងនាមជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននយោបាយ។ លោកស្រីក៏ធ្លាប់កាន់តួនាទីជាសហប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគោលនយោបាយការបរទេសរបស់ស្ត្រី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ Women for Women International ជាសមាជិកនៃក្រុមប្រឹក្សាភិបាល Sesame Street Advisory Board ជាសមាជិករបស់ក្រុមប្រឹក្សា KIVA Advisory Council ដែលជាអង្គការមិនរកប្រាក់ចំណេញ និងជាសមាជិកនៃគំនិតផ្តួចផ្តើម Trust Women initiative របស់មូលនិធិ Thomson Reuters Foundation។
អ្នកស្រី រ៉ាស់ហ៊្សល មានសញ្ញាបត្របរិញ្ញាបត្រទស្សនវិជ្ជាពីមហាវិទ្យាល័យ Boston និងមានសញ្ញាបត្របណ្ឌិតច្បាប់ពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ George Washington University។ លោកស្រីគឺជានាយកប្រតិបត្តិទី៨ ដែលនឹងដឹកនាំស្ថាប័នដែលមានបុគ្គលិកចំនួន ២ម៉ឺននាក់ ៕