បើចាត់ទុកបញ្ហាអនាម័យពេលមករដូវជារឿងស្ងប់ស្ងាត់ នោះដូចបោះបង់ការចូលរួមរបស់ស្ត្រី​​និងយុវតី

ថ្ងៃសៅរ៍ ទី២៨ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 1.5K
1

ភ្នំពេញ - នៅកម្ពុជាកាលបើនិយាយពីពាក្យអនាម័យពេលមករដូវស្តាប់មួយភ្លែតហាក់ដូចជារឿងថ្មីក្នុងប្រធានបទពិភាក្សា ឬអាចថាជារឿងរបស់ស្ត្រីតែប៉ុណ្ណោះ ។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងបញ្ហាសុខភាពស្រ្ដី និងក្មេងស្រីពេលមករដូវនេះ កំពុងក្លាយជាចំណោទបញ្ហាដ៏សំខាន់ដែលប្រទេសនានាក្នុងពិភពលោកយកចិត្តទុកដាក់ និងកំពុងសិក្សាពីរបៀបគ្រប់គ្រងអនាម័យពេលមករដូវឱ្យបានប្រសើរសម្រាប់ស្ត្រី និងបរិស្ថាន ។នៅព្រឹកថ្ងៃសៅរ៍ទី២៨ខែឧសភានេះ​ នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធទិវាអនាម័យពេលមករដូវ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ ធ្វើឱ្យការមករដូវជារឿងធម្មតាមក្នុងជីវិតមុនឆ្នាំ២០៣០” 

 

 

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ប្រសិនបើគ្រប់គ្នាចាត់ទុកបញ្ហាអនាម័យពេលមករដូវរបស់ស្ត្រីជារឿងស្ងប់ស្ងាត់ ឬលាក់លៀមព័ត៌មាន នោះដូចបោះបង់សមាសភាពចូលរួមរបស់ស្ត្រី​​និងយុវតីទាំងការសិក្សា ការងារ និងការអភិវឌ្ឍន៍សង្គម ។ ហេតុដូច្នេះហើយនៅថ្ងៃទី២៨ ខែឧសភាជារៀងរាល់ឆ្នាំ ពិភពលោកតែងប្រារព្ធទិវាអនាម័យពេលមករដូវក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់នៃការគ្រប់គ្រងអនាម័យស្រ្តីពេលមានរដូវ និងលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប ។ 

 

លោកវេជ្ជបណ្ឌិត លន់ សាយតេង មានប្រសាសន៍បញ្ជាក់បន្ថែមថាអនាម័យពេលមករដូវជារឿងដែលគ្រប់គ្រប់គ្នាត្រូវដឹង និងត្រូវលើកយកមកពិភាក្សាឱ្យបានទូលំទូលាយ ។ ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ដៃគូរអភិវឌ្ឍន៍ទាំងអស់​​ សូមបន្តចូលរួមគាំទ្រសកម្មភាពនេះ ពិសេសផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយទៅកាន់សាធារណជនក្នុងបុព្វហេតុចូលរួមទាំងអស់គ្នាលើកកម្ពស់អនាម័យពេលមករដូវរបស់ស្ត្រីនិងក្មេងស្រី 

 


លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទថ្ងៃនេះជាទិវាអនាម័យពេលមករដូវក្នុងស្មារតីគាំទ្រ ខ្ញុំបាទសូមអរបអរសាទនិងគាំទ្រទាំងស្រុងដល់បងប្អូនជាស្រី្តនិងក្មេងស្រីក្នុងអាយុពេលមករដូវ ។ ការមើលរំលងភាពស្ងប់ស្ងាត់ ភាពខ្មាស់អៀនពេលមករដូវ អាចបណ្តាលឱ្យស្ត្រីជួបបញ្ហាសុខភាព និងឈានរហូតទៅដល់បញ្ហាបាត់បង់លទ្ធភាពមានកូន ព្រមទាំងងាយកើតជំងឺផ្សេងៗ​ 

 

ចំណែកលោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិ កម្ពុជា បានមានប្រសាសន៍ថា ទិវាអនាម័យពេលមករដូវផ្តើមប្រារព្ធចាប់តាំងពីឆ្នាំ២០១៤ ហើយបានជ្រើសរើសយកថ្ងៃទី២៨ខែឧសភាជារៀងរាល់ដើម្បីរៀបចំទិវានេះ ដោយសាររាល់រយៈពេល២៨ថ្ងៃម្តងស្ត្រីនិងក្មេងស្រីក្នុងវ័យបន្តពូជតែងមករដូវ ។ លោកបន្ថែមថា ការគិតគូរដល់អនាម័យពេលមករដូវរបស់ស្ត្រី​ ជាការលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីគ្រប់សកម្មភាព ។ 

 

 

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិ កម្ពុជា ៖ បញ្ហាការមករដូវរបស់ស្ត្រីសំខាន់ណាស់ដែលគ្រប់គ្នាត្រូវដឹងនិងត្រូវចូលរួមលើកទឹកចិត្តដល់ស្ត្រី ! បើផ្អែកតាមការស្រាវជ្រាវមួយ បានបង្ហាញថា ស្ត្រីម្នាក់អាចមករដូវរហូតដល់ ៣ពាន់ថ្ងៃក្នុងមួយជីវិត ឬស្មើនឹងរយៈពេល០៨ឆ្នាំ ។ ដូច្នេះបើនិយាយថា រាល់ថ្ងៃជាថ្ងៃល្អទាំងអស់ យើងចង់ឱ្យគ្រប់គ្នាហ៊ាននិយាយ ហ៊ានចូលរួម ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបបញ្ហានេះ ដូចជា គិតគូររាប់ទាំងសំណង់បន្ទប់ទឹកសាប៊ូ សំឡីអនាម័យនៅទីសាធារណៈ សេវាទឹកស្អាត ព្រមទាំងគិតដល់ការវេចខ្ចប់សំណល់សំឡីអនាម័យជាដើម 

 

ស្របគ្នានេះ លោក ហង់ ហ៊ីប៊ុណ្ណា បានបញ្ជាក់ថា បើក្រឡេងមើលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី៦ ​(SDG6) ចំណុច.២ ក៏បានកំណត់ដែរថា ការគិតដល់បញ្ហាអនាម័យពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីឱ្យកាន់តែប្រសើរ ជារឿងសំខាន់ដែលគ្រប់គ្នាចូលរួមដោះស្រាយ ។ ដោយឡែកការគ្រប់គ្រងអនាម័យពេលមករដូវបានល្អ ត្រូវឆ្លើយតបទៅនឹងសកម្មភាពក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តន៍ ។

 

ជាមួយគ្នានេះ តាមការអង្កេតរបស់អង្គការភ្លែននៅក្នុងប្រទេសកម្ពុជាស្រី្តនិងក្មេងស្រីមានបញ្ហាប្រឈមពេលមករដូវ ជាពិសេសក្នុងអំឡុងពេលកូវីដ-១៩ ដោយមានការខ្មាស់អៀនក្នុងការទិញសំឡីអនាម័យ មានការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចជាប្រចាំនៅក្នុងការចំណាយលើការប្រើប្រាស់សំឡីអនាម័យ និងបម្រាមប្រពៃណីមិនល្អមួយចំនួនដែលនាំឱ្យប្រជាជនយល់ខុស ។

 

សូមជម្រាបថា ទិវាអនាម័យស្រ្តីពេលមករដូវឆ្នាំ២០២២ បានរៀបចំឡើងដោយនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការដោយអង្គការភ្លែនអន្តរជាតិ កម្ពុជា នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ អង្គការ Water Aid កម្ពុជា​ មានការចូលរួមពីមន្ត្រីជំនាញ ព្រមទាំងមានតំណាងអង្គការដៃគូរភិវឌ្ឍន៍ពាក់ព័ន្ធនានា។

 

តាមរយៈកិច្ចពិភាក្សានៃទិវាអនាម័យស្រ្តីពេលមករដូវ ឆ្នាំ​២០២២ នេះ ក៏បានលើកឡើងដែរថា នៅពេលនិយាយអំពីអនាម័យពេលមានរដូវរបស់ស្ត្រី គ្រប់គ្នាត្រូវគិតគូរដល់សម្ភារៈអនាម័យ ឬសំឡីអនាម័យ ព្រមទាំងគិតពីផលប៉ះពាល់សុខភាព ឬផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីបញ្ហាទាំងអស់នេះ ។ អនាម័យពេលមកដូវនៅតាមសាលារៀនក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្ត ពិសេសមាននៅក្នុងគោលនយោបាយលើកកម្ពស់សុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សមាសភាពសំខាន់ដើម្បីចូលរួមលើកកម្ពស់អនាម័យពេលមានរដូវនៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាព គឺមានក្រុមប្រឹក្សាឃុំ សាលារៀន ទីសាធារណៈ និងប្រជាពលរដ្ឋគ្រប់គ្រប់គ្នា ។ 

 

គួររំលឹកថា ទិវាអនាម័យស្រ្តីពេលមករដូវ កាលពីឆ្នាំ២០២១ កន្លងទៅបានប្រារព្ធនៅថ្ងៃទី២៨ ខែឧសភាដូចគ្នា ផ្ដោតទៅលើប្រធានបទ បង្កើនសកម្មភាព និងការវិនិយោគទៅលើសុខភាព និងអនាម័យនៃការមករដូវ។ ការប្រារព្ធទិវានេះមានបំណងបំបែកភាពស្ងៀមស្ងាត់របស់ស្រ្តី និងក្មេងស្រីឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាពអនាម័យពេលមានរដូវជារឿងសំខាន់ ចាត់ទុកថាមិនមែនជារឿងគួរអៀនខ្មាស់ និងត្រូវមានមោទនភាពចំពោះខ្លួនឯងជាស្រ្ដី និងក្មេងស្រីដែលអាចពពោះបាន ដោយគិតថា រាល់ថ្ងៃគឺជាថ្ងៃល្អសម្រាប់ខ្លួនជាស្រ្ដីជានិច្ច ៕

 

អត្ថបទពេញនិយម