សន្និសីទ COP27 បញ្ចប់ដោយបរិយាកាសខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងដំណោះស្រាយអាកាសធាតុ
អេហ្ស៊ីប - សន្និសីទអាកាសធាតុ COP27 នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ ។ សន្និសីទបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុរយៈពេលជិតពីរសប្តាហ៍នេះ ផ្តោតសំខាន់ទៅលើកិច្ចពិភាក្សានិងការចរចាគ្នាក្នុងសំណុំរឿងពីរប្រសងគ្នា ។ ជាលទ្ធផលប្រទេសសេដ្ឋកិច្ចជឿនលឿនជាច្រើនបានប្តេជ្ញាចូលរួមសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកល ខណៈប្រទេសមួយចំនួនទៀតនៅតែខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងដំណោះស្រាយអាកាសធាតុមួយនេះ ។
ប្រធានបទរឿងទាំងពីរ រួមមាន ទី១ អង្គការសហប្រជាជាតិជំរុញឱ្យប្រទេសទាំងអស់ក្នុងពិភពលោក បង្កើនកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅកាន់បរិយាកាស មិនឱ្យកើនកម្តៅលើសពី ១,៥អង្សារដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ឆ្នាំ២០១៥ ។ ទី២ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជំរុញឱ្យប្រទេសអ្នកមានបង្កើតមូលនិធិអាកាសធាតុសម្រាប់ជួយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ។ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នឹងយកថវិកានៃមូលនិធិនេះ ដើម្បីបង្កើតសកម្មភាពនានាតបទៅនឹងភាពធន់នឹងអាកាសធាតុ ។
តាមរយៈការប៉ានប្រមាណដំបូងរបស់អ្នកជំនាញអាកាសធាតុនៃអង្គការសហប្រជាជាតិ ក្រុមប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវការកញ្ចប់ថវិកាប្រមាណ ១០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកសម្រាប់ប្រើប្រាស់មុនឆ្នាំ២០២៥ ។ ទោះបីយ៉ាងណាសំណុំរឿងពីរដាច់ផ្សេងគ្នា ស្តាប់ទៅជារឿងតែមួយ ពោលគឺចង់ឱ្យប្រទេសភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិទាំងអស់ រួមដៃគ្នាគិតគូរដល់ការជួយសង្គ្រោះភពផែនដីតបនឹងវិបត្តិប្រែប្រួលអាកាសធាតុ ។
ព័ត៌មានរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មានប្រទេសចំនួនប្រាំប៉ុណ្ណោះដែលបានបង្ហាញការប្តេជ្ញាចិត្តគាំទ្រថវិកាដល់មូលនិធិអាកាសធាតុខាងលើ មានដូចជា ប្រទេសអូទ្រីស ស្កុតឡេន ប៊ែលហ្សិក ដាណឺម៉ាក និងអាឡឺម៉ង់ ។ ចំណែកបណ្តាប្រទេសសេដ្ឋកិច្ចធំមួយចំនួនទៀត ពុំទាន់សម្រេចចិត្តយ៉ាងណានោះឡើយ ដោយត្រូវរង់ចាំមើលជាបន្តបន្ទាប់ទៀត ។
ជាក់ស្តែងសហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តដោះស្រាយវិបត្តិអាកាសធាតុដោយបង្កើតកញ្ចប់ថវិការបស់ខ្លួនអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ចំណែកប្រទេសចិនចាត់ទុកខ្លួនឯងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបន្តសកម្មភាពជំរុញឱ្យប្រទេសអភិវឌ្ឍផ្តល់ថវិកាដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបង្ហាញពីសកម្មភាពផ្ទាល់ខ្លួនជាច្រើនអនុវត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល ។
ជារួមមកវិញ តាមរយៈកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធរបស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៧ (COP27) បានបង្ហាញសញ្ញារួមមួយប្រាប់ទៅកាន់ប្រទេសទាំងអស់នៅក្នុងពិភពលោកថា ដល់ពេលហើយដែលត្រូវនាំគ្នាគិតនិងដោះស្រាយវិបត្តិអាកាសធាតុ និងមិនត្រូវបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យកើនកំដៅដល់ភពផែនលើសពី ១,៥អង្សារឡើយ ៕