សន្និសីទកំពូល COP27 ៖ ប្រទេសចិនមិនបង់ប្រាក់ចូលមូលនិធិអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
អេហ្ស៊ីប - កាលថ្ងៃពុធកន្លងទៅនៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនបង់ប្រាក់ចូលទៅក្នុងមូលនិធិអាកាសធាតុដែលជាជំនួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឡើយ ។ ការបដិសេដរបស់ចិនបែបនេះ បន្ទាប់ពីតំណាងប្រទេសសម្ព័ន្ធភាពសម្រាប់រដ្ឋកោះតូចៗ (AOSIS) បានលើកឡើងថា ប្រទេសចិនត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពបញ្ចេញឧស្ម័នរបស់ខ្លួនទៅបរិយាកាស ដែលជាផ្នែកមួយនៃបញ្ហាបម្រែបម្រួលអាកាសធាតុជាសកល ។ នេះបើតាមការចុះផ្សាយរបស់កម្មវិធីតាមដានអាកាសធាតុ Climate Tracker ។
មុនការបដិសេដរបស់ប្រទេសចិន កាលពីរសៀលថ្ងៃអង្គារ៍ លោក Gaston Browne នាយករដ្ឋមន្រ្តី Antigua and Barbuda តំណាងឱ្យប្រទេសសម្ព័ន្ធភាពសម្រាប់រដ្ឋកោះតូចៗ (AOSIS) បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំង រួមមាន ចិន និងឥណ្ឌា ត្រូវវិភាគទានថវិកាចូលរួមមូលនិធិអាកាសធាតុ ។ កញ្ចប់ថវិកានេះ នឹងផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រ ដែលទទួលរងផលវិបាកបណ្តាលមកការប្រែប្រួលអាកាសធាតុ ។
លោក Xie Zhenhua អ្នកដឹកនាំជាន់ខ្ពស់នៃការងារអាកាសធាតុចិន បាននិយាយថា ប្រទេសចិនមិនមានកាតព្វកិច្ចចូលរួមការផ្តល់សំណងដល់ការខូចខាតអាកាសធាតុឡើយ ។ ប៉ុន្តែប្រទេសចិនរក្សាជំហរសាមគ្គីភាពចូលរួមក្នុងយន្តការប្រមូលសំណងការខូចខាតអាកាសធាតុ ព្រមទាំងអំពាវនាវឱ្យប្រទេសអ្នកមានបង្កើនការចូលរួម និងមានសកម្មភាពបន្ថែមទៀតដើម្បី ទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។
មិនបង្ហាញជំហរចូលរួមថវិកានៅពេលនេះ ដោយសារប្រទេសចិនយល់ថា ត្បិតខ្លួនមានប្រជាជនច្រើនក៏ពិតមែន ក៏ប៉ុន្តែចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ។ ឈរលើហេតុផលម្យ៉ាងទៀត កន្លងទៅចិនបានធ្វើកិច្ចការជាច្រើនឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុជាសកល ។ ជាក់ស្តែងកាលពីកិច្ចប្រជុំ COP21 ឆ្នាំ២០១៥ លោកប្រធានាធិបតី ស៊ី ជីងពឹង បានបង្កើតមូលនិធិសកល South-South Climate Cooperation Fund មានទំហំទឹកប្រាក់ ៣.១ ពាន់លានដុល្លារអាម៉េរិក ។
បន្ថែមពីលើនេះ ផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលឆ្នាំ២០២១ លោកប្រធានាធិបតី ស៊ី ជីងពឹង បានផ្តល់មូលនិធិខាងលើនេះ ដល់គម្រោងនានានៅប្រទេសភាគខាងត្បូង ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងសមត្ថភាព។ តាមរយៈកិច្ចការនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ កម្មវិធីអភិវឌ្ឍន៍ជាសកលរបស់ប្រទេសចិនមានជាងមួយពាន់គម្រោង ។
គួរបញ្ជាក់ដែរថា ប្រទេសចិនបានរួមចំណែកបំភាយកាបូនប្រហែល ១៣% នៃពិភពលោក ចាប់តាំងពីការចាប់ផ្តើមនៃបដិវត្តន៍ឧស្សាហកម្ម ខណៈដែលសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបំភាយកាបូនជាង ២០% ។ គេរកឃើញថា ប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាម៉េរិក បានបញ្ចេញកាបូនច្រើនជាងគេ ។ ប្រទេសចិនមានចំនួនប្រជាជនពិភពលោករហូតដល់ទៅ ១៩% នៃចំនួនប្រជាជនពិភពលោក ដែលធ្វើឱ្យប្រទេសមួយនេះមានកំណើនផលិតកម្មច្រើនជាងមួយភាគបួននៃការបញ្ចេញកាបូនរបស់ពិភពលោក។
សូមរំលឹកថា នេះជាលើកទីមួយហើយដែលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ចាត់ទុកចិន និងឥណ្ឌា ជាប្រទេសដែលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះការបំភាយឧស្ម័នទៅបរិយាកាស ។ សម្រាប់សហរដ្ឋអាម៉េរិកវិញ មិនបានបញ្ជាក់ថា ខ្លួនចូលរួមមូលនិធិអាកាសធាតុនេះក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន ដែលបានចូលរួមវេទិកា COP27 នៅប្រទេសអេហ្ស៊ីបឆ្នាំនេះ បានបញ្ជាក់ថា អាម៉េរិកបានអនុម័តកញ្ចប់ថវិកាប្រមាណជាង ៣៦៩ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងរបស់ប្រទេស និងសម្រាប់ពិភពលោក ៕