សន្និសីទកំពូល COP27 ព្យាយាមរកដំណោះស្រាយកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស
អេហ្ស៊ីប - សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ហៅកាត់ថា សន្និសីទ UNFCCC ឬ COP27 លើកទី២៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប ។ កិច្ចពិភាក្សានៃសន្និសីទកំពូលនៅពេលនេះ ផ្តោតសំខាន់ទៅលើការអនុវត្តន៍សន្ធិសញ្ញា អន្តរជាតិស្តី ពី ការ ប្រែប្រួល អាកាសធាតុទីក្រុង ប៉ារីស ដោយក្រុមប្រទេសអភិវឌ្ឍន៍ត្រូវផ្តល់សំណងដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។
ថ្លែងបើកសន្និសីទកំពូល COP27 (27th Conference of the Parties) ចំពោះប្រមុខរដ្ឋ និងតំណាងប្រទេសចំនួនជាង ១៩០ លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស បានតម្រូវឱ្យប្រទេសជាសមាជិកចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយការកើនឡើងសីតុណ្ហភាពសកល និងសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ។ តាមរយៈកិច្ចប្រជុំពីគ្រប់ភាគី លោក Sameh Shoukry រំពឹងថា បញ្ហាការប្រែប្រួលអាកាសធាតុមិនមែនជាបន្ទុករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហារួម តម្រូវឱ្យទទួលខុសត្រូវរួមគ្នា ។
ទន្ទឹមគ្នានេះដែរ លោក Simon Stiell អ្នកទទួលបន្ទុកកិច្ចការអាកាសធាតុរបស់អង្គការសហប្រជាជាតិ មានប្រសាសន៍ថា វិបត្តិទាំងអស់សុទ្ធតែជារឿងចាំបាច់ត្រូវដោះស្រាយ ក៏ប៉ុន្តែគ្មានវិបត្តិណាដែលមានផលវិបាកធ្ងន់ធ្ងរដូចវិបត្តិអាកាធាតុឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកជួបបញ្ហាជាច្រើនបង្កឡើងដោយគ្រោះហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងសីតុណ្ហភាពក្តៅខ្លាំងជាដើម។ លោកជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់នឹងពិភាក្សាគ្នារកដំណោះស្រាយរួមគ្នាចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ ។
សូមជម្រាបថា នៅក្នុងសន្ធិសញ្ញាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ទីក្រុងប៉ារីស (ចុះហត្ថលេខានៅក្នុងខែធ្នូ ឆ្នាំ២០១៥ និងចូលជាផ្លូវការនៅខែវិច្ឆិការ ឆ្នាំ២០១៦) បានចែងថា ប្រទេសអង្គការសហប្រជាជាតិទាំងអស់មានតួនាទីអនុវត្តវិធានការរួមចំណែកកាត់បន្ថយឧស្ម័នពុលនៅក្នុងបរិយាកាសសម្រាប់ចន្លោះឆ្នំា២០២៥ - ២០៣០ ដោយធ្វើយ៉ាងណាកុំឱ្យកម្តៅនៅក្នុងភពផែនដីកើនលើសពី ២អង្សារ ។ ប្រសិនបើកម្តៅកើនឡើងតាមរយៈឧស្ម័នផ្ទះកញ្ចក់ នោះនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ភពផែនដីទំាងមូល ។
យ៉ាងណាមិញ កិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅពុំទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ប៉ុន្តែកន្លងទៅគេកត់សម្គាល់ថា ប្រទេសសមាជិកអង្គការសហប្រជាជាតិធំៗមួយចំនួនហាក់ពុំទាន់ស្រុះគំនិតគ្នាលើកិច្ចការងារនេះទាំងស្រុងឡើយ ។ គួរបញ្ជាក់ថា សម្រាប់លទ្ធផលប្រសិនបើប្រទេសសមាជិកទាំងអស់ (ប្រទេសអភិវឌ្ឍន៍ធំៗ) ស្រុះស្រួលគំនិតគ្នាទប់ស្កាត់ការកើនឡើងកម្តៅជាសកល នោះជាសញ្ញាជោគជ័យមួយនៃការអនុវត្តន៍សន្ធិសញ្ញាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ៕