ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ចែករំលែកចំណេះដឹងសន្តិសុខស្បៀងទៅកាន់សាធារណជន
ភ្នំពេញ - នាព្រឹកថ្ងៃពុធនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល អង្គការ FAO និងសារព័ត៌មាន Camboja បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង ដោយមានអ្នកចូលរួមប្រមាណ ៥០នាក់ ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា សិក្ខាសាលាដែលបានរៀបចំនៅព្រឹកនេះ មានគោលបំណងបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានអំពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង ដើម្បីបង្កើនចំណេះដឹងអំពីអាហារសុវត្ថិភាព និងរបបអាហារប្រកបដោយសុខភាពដល់អ្នកប្រើប្រាស់ ឬអ្នកបរិភោគ។
ស្របគ្នានេះ ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់ពីនិយមន័យនៃពាក្យគន្លឹះមួយចំនួន ដូចជា និយមន័យ “សន្តិសុខស្បៀង” បញ្ញត្តិនេះបានប្រើប្រាស់ជាសកល គឺជាស្ថានភាពដែលមនុស្សគ្រប់រូបមានលទ្ធភាពផ្នែករូបវន្ត សង្គម និងសេដ្ឋកិច្ចក្នុងការទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងប្រកបដោយអាហារូបត្ថម្ភនៅគ្រប់ពេលវេលាទាំងអស់ ដើម្បីឱ្យស្របទៅនឹងសេចក្ដីត្រូវការផ្នែកចំណីអាហារ និងចំណង់ចំណូលចិត្តទទួលទានអាហារ ។ សន្តិសុខស្បៀងមនុស្សមានសុខភាពល្អ និងមានផលិតភាពខ្ពស់ ។
ចំណែកសុវត្ថិភាពអាហារ សំដៅទៅលើស្បៀងអាហារដែលគ្មានកម្រិតគ្រោះថ្នាក់ ឬមានកម្រិតគ្រោះថ្នាក់ ប៉ុន្តែមានសុវត្ថិភាពអាចទទួលទានបាន ឬអាចទទួលយកបានសម្រាប់សុខភាពអ្នកប្រើប្រាស់ ។ គ្រោះថ្នាក់ដែលបង្កឡើងដោយអាហារ អាចមានលក្ខណៈជាមីក្រូជីវសាស្ត្រ គីមីសាស្ត្រ ឬរូបសាស្ត្រ និងរមែងតែងមិនអាចមើលឃើញដោយភ្នែកទទេ ឧទាហរណ៍មួយចំនួន រួមមាន បាក់តេរី វីរុស ឬសំណល់ថ្នាំគីមីកសិកម្ម ។ សុវត្ថិភាពស្បៀងអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ស្បៀងអាហារមានសុវត្ថិភាពគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ស្បៀងអាហារ ដោយរាប់ចាប់ពីដំណាក់កាលផលិត ដំណាក់កាលប្រមូលផល ដំណាក់កាលកែច្នៃ រក្សាទុក ចែកចាយ និងរហូតដល់ការរៀបចំ និងការទទួលទាន ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ ។
ប្រព័ន្ធស្បៀង ជាបណ្តុំនៃគ្រប់សមាសធាតុទាំងអស់ (បរិស្ថាន មនុស្ស ធាតុចូល ដំណើរការ ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន។ល។) និងសកម្មភាពដែលពាក់ព័ន្ធនឹងផលិតកម្ម ការកែច្នៃ ការចែកចាយ ការរៀបចំនិងការបរិភោគអាហារ ព្រមទាំងលទ្ធផលនៃសកម្មភាពទាំងនេះ រាប់បញ្ចូលទាំងលទ្ធផលផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ប្រព័ន្ធស្បៀងមានសមាសធាតុចម្បងៗចំនួនបី គឺខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង និងឥរិយាបថរបស់អ្នកប្រើប្រាស់។
ដោយឡែកប្រព័ន្ធស្បៀងដែលមានចីរភាព គឺជាប្រព័ន្ធស្បៀងដែលផ្ដល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដើម្បីកុំឱ្យមានផលប៉ះពាល់មកលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថានដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយ ។ ប្រព័ន្ធស្បៀងដែលមានចីរភាពត្រូវតែជាប្រព័ន្ធដែលផ្ដល់នូវប្រាក់ចំណេញ (ចីរភាពផ្នែកសេដ្ឋកិច្ច) ប្រព័ន្ធនេះត្រូវផ្ដល់ផលប្រយោជន៍ឱ្យបានធំធេងដល់សង្គមទាំងមូល (ចីរភាពសង្គម) និងមានផលប៉ះពាល់ជាវិជ្ជមាន ឬពុំបង្កផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានធម្មជាតិ (ចីរភាពបរិស្ថាន) ។
សូមជម្រាបថា កាលពីទិវាពិភពលោកសុវត្ថិភាពចំណីអាហារ (WFSD) នៅថ្ងៃអង្គារ៍ ទី០៧ ខែមិថុនាកន្លងទៅ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាអ្នកសម្របសម្រួលប្រចាំប្រទេសនៃចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា មានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារសំខាន់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ។ សុវត្ថិភាពចំណីអាហារជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងជាមូលដ្ឋានគ្រឹះដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ៕