ឌីជេ ណាណា ប្ដេជ្ញាចិត្តជាទូតកិត្តិយសរបស់អង្គការភ្លែនលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី

ថ្ងៃពុធ ទី២០ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 683
1

ភ្នំពេញ អង្គការភ្លែនអន្តរជាតិកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ឡើងវិញជាមួយឌីជេ ណាណា ជាទូតកិត្តិយសដើម្បីលើកយល់ដឹងនៅលើវេទិកាសាធារណៈអំពីបញ្ហាទាក់ទងនឹងក្មេងស្រី និងស្ត្រីវ័យក្មេង ដូចជា ការរើសអើង វិសមភាព ការបាត់បង់ឱកាស ការរំលោភបំពាន និងអំពើហិង្សា។ កម្មវិធីនេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ។ 

 

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា តាមរយៈកិច្ចសហការនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ឌីជេ ណាណាដែលគាំទ្រយុទ្ធនាការសកលរបស់អង្គការភ្លែនអន្តរជាតិ “ក្មេងស្រីត្រូវមានឱកាសស្មើគ្នា” កន្លងទៅ មានដូចជា ព្រឹត្តិការណ៍ក្មេងស្រីកាន់តួនាទីជំនួស ទិវាអន្តរជាតិនារី មូលនិធិយុវជន និងកម្មវិធីជាច្រើនទៀត។ ទន្ទឹមគ្នានេះ ឌីជេ ណាណា បានលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់យុវជនយ៉ាងសកម្ម ។ 

 

 

 

លោកស្រី គ្វីននេត វ៉ង បានបន្តថា ចាប់តាំងពីឆ្នាំ២០១៧ ឌីជេ ណាណា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពជាច្រើន នៃបេសកកម្មរបស់ផែនការយុទ្ធសាស្រ្តប្រចាំប្រទេសអណត្តិមុន ។ លើសពីនេះ គាត់បានចូលរួមបំផុសគំនិត ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង តាមរយៈសារលើកទឹកចិត្តទៅកាន់ពួកគេក្នុងការប្រើសិទ្ធិអំណាចរបស់ខ្លួនស្វែងរកភាពខ្លាំង និងចំណេះដឹង និងជ្រើសរើសដោយឯករាជ្យសម្រាប់ ជីវិត ការអប់រំ ការងារ និងទំនាក់ទំនង។

 

ខ្ញុំមិនដឹងជារកពាក្យអ្វីមកថ្លែងអំណរគុណចំពោះ ឌីជេ ណាណា សម្រាប់ការគាំទ្រ ការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គាត់កន្លងមកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលើកបង្ហាញស្ថានភាពរបស់កុមារ ជាពិសេស ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ នេះជាការបញ្ជាក់របស់លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ។

 

នៅក្នុងវេទិការចុះអនុស្សារណៈនៃការយោគយល់គ្នានាព្រឹកនេះដែរ ឌីជេ ណាណា បានប្តេជ្ញាចិត្តធ្វើជាទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជារយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ។ នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នា (MoU) ថ្មីនេះ លោកស្រីនឹងបន្តគាំទ្រអង្គការភ្លែនអន្តរជាតិកម្ពុជាលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ។ 

យុទ្ធសាស្រ្តប្រចាំប្រទេសថ្មី ២០២១-២០២៦ របស់អង្គការភ្លែនអន្តរជាតិកម្ពុជាផ្តោតសំខាន់លើការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ២.៥លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីអាចទទួលបានឱកាសសិក្សាពេញលេញ ដឹកនាំ សម្រេចចិត្តនិងអភិវឌ្ឍ។ 

លោកស្រី នាង សុវ៉ាតនា ឬហៅថា ឌីជេ ណាណា បានមានប្រសាសន៍ថា ៖ “ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានរួមចំណែកនៅក្នុងសមិទ្ធផលសម្រេចបានដោយអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាបេសកកម្មនៃការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងនៅគ្រប់មជ្ឈដ្ឋានរបស់ពួកគេ ដើម្បីអភិវឌ្ឍសមត្ថភាពក្មេងស្រី” 

សូមជម្រាបថា សម្រាប់រយៈពេលនៃការអនុវត្តយុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ (២០២១-២០២៦) អង្គការភ្លែនអន្តរជាតិកម្ពុជាមានគោលបំណងគាំទ្រ និងផ្តល់​ផលប្រយោជន៍​ដល់​ក្មេង​ស្រី ក្មេងស្រីវ័យជំទង់ និង​ស្ត្រី​វ័យក្មេង ២,៥លាន​នាក់ នៅ​កម្ពុជា ប្រហែល ១លាន​នាក់​ដោយ​ផ្ទាល់ និង ១.៥លាន​នាក់​ ដោយ​ប្រយោល​ តាមរយៈកម្មវិធីស្នូលចំនួនបួន (១ការចាប់ផ្តើមជាមួយនិងសុខភាពល្អ (២កិច្ចការពារជំនាន់ថ្មី (៣ការរៀនសូត្រពេញមួយជីវិត និង (៤ភាពដឹកនាំរបស់ក្មេងស្រី និងយុទ្ធនាការទូទាំងប្រទេសរបស់យើងផ្សេងទៀត ៕

គួរបញ្ជាក់ដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយ ដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូ។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ។ ក្នុងឆ្នាំ ២០២២ នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រារព្ធខួបលើកទី២០ របស់ខ្លួនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២០ឆ្នាំ 

 

អត្ថបទពេញនិយម