លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖ ការបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស
កោះកុង - លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម ។ លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍នៅក្នុងដំណើរបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃអាទិត្យកន្លងទៅ ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី មានប្រសាសន៍បញ្ជាក់ថា ស្ត្រីត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អនៅក្នុងដំណាក់កាលមុនពេលមានផ្ទៃពោះ ក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ។ ទន្ទឹមគ្នានេះស្ត្រីជាម្តាយបន្ទាប់ពីសម្រាលរួច ត្រូវ បំបៅកូនដោយទឹកដោះម្តាយភ្លាមៗ បំបៅកូនឱ្យបានពេញលេញរហូតដល់រយៈពេល ០៦ខែ និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កូនមានអាយុពីរឆ្នាំ ដោយមានបន្ថែមអាហារូបត្ថម្ភផ្សេងៗដែលជួយដល់ការលូតលាស់របស់កុមារ ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖ “បំបៅទឹកដោះម្តាយនេះសំខាន់ណាស់សម្រាប់កុមារ នៅពេលកូនចូលរៀនថ្នាក់មត្តេយ្យសិក្សា កុមារតូចត្រូវការអាហារូបត្ថម្ភបន្ថែមទៀត គឺត្រូវរៀបចំរបបអាហារសុខភាពសម្រាប់ពួកគេ ដែលជាអាហារសារជាតិចិញ្ចឹមគ្រប់គ្រាន់ជួយដល់ការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ” ។
ឆ្លើយនឹងសំណួរថា តើនរណាជាតួអង្គលើកកម្ពស់អាហារូបត្ថម្ភសម្រាប់កុមារ ? លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រប់គ្នាមានភារកិច្ចលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ ។ ទន្ទឹមគ្នានេះ ចំណេះដឹងអាហារូបត្ថម្ភត្រូវចាប់ផ្តើមផ្តល់ទៅកាន់អ្នកម្តាយគ្រប់រូបតាមរយៈការផ្តល់ព័ត៌មានពីមណ្ឌលសុខភាពរាល់ពេលដែលស្ត្រីជាម្តាយ ឬស្រី្តមានផ្ទៃពោះមករកសេវា ដែលព័ត៌មានទាំងនោះត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខភិបាល ។
“ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម មានន័យថា ជាធនធានមនុស្សខ្លាំងមានសមត្ថភាពសម្រាប់សង្គមជាតិ”។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភាកន្លងទៅ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល បានចូលរួមជាវាគ្មិននិងជាកម្មាគណៈកម្មការដាក់ពិន្ទុលើការធ្វើម្ហូបចម្អិនដោយក្រុមយុវជនជើងឯកអាហារូបត្ថម្ភ រួមមាន សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែចម្រុះមុខ រៀបចំដោយអង្គការហេឡឡែន ខេលល័រ អន្តរជាតិកម្ពុជា (HKI) គាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង មានយុវជនចូលរួមចំនួន ៣០មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថាននានា ៕