អ្នកជំនាញ ៖ លុះត្រាតែអាហារមានសុវត្ថិភាព ទើបមនុស្សអាចទទួលបានអត្ថប្រយោជន៍ពេញលេញ

ថ្ងៃពុធ ទី២៩ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 702
1

ភ្នំពេញ - អ្នកជំនាញសុវត្ថិភាពចំណីអាហារនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា អាហារដែលមានសុវត្ថិភាពមានសារៈសំខាន់ណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់រូប ។ ការលើកឡើងនេះ នៅក្នុងទិវាសុវត្ថិភាពស្បៀងពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ "អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ" នាព្រឹកថ្ងៃព្រហស្បត្តិ៍ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។ 

 

 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បន្តថា លុះត្រាតែអាហារមានសុវត្ថិភាព ទើបមនុស្សអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីគុណតម្លៃអាហារូបត្ថម្ភ ក៏ដូចជាភាពរីករាយទទួលទាន។  អាហារសុវត្ថិភាព គឺជាអ្នកធានាដ៏សំខាន់បំផុតសម្រាប់សុខភាព។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ស៊ីឡូ ក៏បានលើកឡើងដែរថា ទិវាសុវត្ថិភាពស្បៀងពិភពលោកដែលកម្ពុជាប្រារព្ធនៅថ្ងៃនេះ គោលបំណងបីសំខាន់ៗ រួមមាន ១. បង្កើនការយល់ដឹងរបស់សាធារណជនអំពីសុវត្ថិភាពស្បៀងអាហារ២. ពិភាក្សាអំពីវិធីសាស្រ្តសហប្រតិបត្តិការក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពស្បៀងអាហារនៅគ្រប់វិស័យនិង៣. ផ្សព្វផ្សាយដំណោះស្រាយ និងវិធីលើកកម្ពស់សុវត្ថិភាពស្បៀងអាហារនៅកម្ពុជា។ 

 

អាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន និងជាមូលហេតុនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដូចជា ការលូតលាស់រាងកាយ និងការអភិវឌ្ឍប្រាជ្ញាស្មារតីមានកម្រិតខ្សោយកង្វះមីក្រូសារជាតិបង្កឱ្យមានជំងឺមិនឆ្លង និងជំងឺឆ្លងព្រមទាំងជំងឺផ្លូវចិត្តជាដើម” ។ នេះបើតាមឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។

 

នៅក្នុងទិវាសុវត្ថិភាពស្បៀងពិភពលោកឆ្នាំនេះ អ្នកជំនាញសុវត្ថិភាពចំណីអាហារ បានលើកឡើងថា ជារៀងរាល់ឆ្នាំពិភពលោកមានមនុស្សប្រមាណជាង ៦រយលាននាក់បានធ្លាក់ខ្លួនឈឺ បណ្តាលមកពីពុលអាហារប្រមាណ២០០ ប្រភេទផ្សេងៗគ្នា។  ជំងឺទាំងនេះរមែងកើតឡើងភាគច្រើនទៅលើជនក្រីក្រ និងកុមារ ។ លើសពីនេះ ជំងឺដែលបណ្តាលមកពីការពុលអាហារ បានធ្វើឱ្យមនុស្សស្លាប់ប្រមាណជាង ៤ម៉ឺនពីរពាន់នាក់ជារៀងរាល់ឆ្នាំ បើទោះបីជាជំងឺទាំងនេះជាជំងឺដែលអាចបង្ការបានក៏ដោយ។ 

 

វេទិកាពិភាក្សាអំពីសុវត្ថិភាពស្បៀងអាហារពិភពលោក បានឱ្យដឹងថា កម្ពុជាមានក្រសួងចំនួន ០៦ដើរតួនាទីសំខាន់ធានាសុវត្ថិភាពចំណីអាហារ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងសុខាភិបាលក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

 

ទន្ទឹមគ្នានេះ កម្ពុជាមានក្របខណ្ឌច្បាប់ចំនួនបី ដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ គឺច្បាប់សុខភាពសត្វនិងផលិតកម្មសត្វច្បាប់ស្តីពីអនាម័យ និងភូគាមអានាម័យនិងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ។ វាគ្មិនអញ្ជើញមកពីស្ថាប័នទាំង៦ បានប្តេជ្ញាចិត្តចូលរួមអនុវត្តច្បាប់ទាំងបីឱ្យមានប្រសិទ្ធភាព សំដៅធានាសុវត្ថិភាពស្បៀងអាហារចាប់ពីកសិដ្ឋានមករហូតដល់តុទទួលអាហារ ។

 

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO)  និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  និងគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងបានរៀបចំទិវាសុវត្ថិភាពស្បៀងពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ "អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ" ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានអ្នកចូលរួមប្រមាណ ៣០០ នាក់ ៕ 

 

 

 

 

 

អត្ថបទពេញនិយម