អង្គការស្បៀង និងកសិកម្ម FAO បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាមួយកម្ពុជា

ថ្ងៃអង្គារ៍ ទី២១ ខែមិនា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 404
1

ភ្នំពេញ - ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកជាផ្លូវការការិយាល័យថ្មី របស់ខ្លួននៅក្នុងបរិវេណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ FAO និងប្រទេសកម្ពុជា ។ 

 

ពិធីសម្ពោធការិយាល័យអង្គការ FAO ថ្មីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក គីម ជុង ជីន (Jong-Jin Kim) ជាឧបការីតំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។

 

លោក គីម ជុង ជីន ឧបការីតំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ទីតាំងនៃការិយាល័យអង្គការ FAO ថ្មីស្ថិតនៅក្នុងបរិវេណនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអង្គការ FAO និងក្រសួង ហើយលើសពីនេះ លោកជឿជាក់ថា វត្តមានរបស់ការិយាល័យអង្គការ FAO ថ្មីនេះ នឹងជំរុញឱ្យមានអន្តរកម្មការងារកាន់តែប្រសើរឡើង។

 

លោកនាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបញ្ជាក់បន្ថែមថា ៖ពិធីសម្ពោធនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងអង្គការ FAO និងប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងកិច្ចសហការជាមួយអង្គការ FAO” 

 

ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ FAO ក្នុងឆ្នាំ១៩៥០ ហើយបានបើកការិយាល័យដែលដំណើរការពេញលេញនៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៤ ។ បើទោះជាការិយាល័យដំណើរការពេញលេញបានបើកនៅឆ្នាំ១៩៩៤ ក៏ដោយ ក៏ប៉ុន្តែអង្គការ FAO បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ ដោយបានសហការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា ដើម្បីបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា ។

 

សូមជម្រាបថា ក្នុងអំឡុងពេលកន្លងមកនេះ អង្គការ FAO បានផ្ដល់ការគាំទ្រដល់ការដោះស្រាយបញ្ហាជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា តាមរយៈជំនួយសង្គ្រោះបន្ទាន់ និងជំនួយបច្ចេកទេសក្នុងវិស័យជាច្រើន រួមមាន ផលិតកម្ម និងផលិតភាពកសិកម្ម និងពិពិធកម្មកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងការ អភិវឌ្ឍន៍កសិឧស្សាហកម្មខ្នាតតូច ។ នៅចុងឆ្នាំ២០២៣ អង្គការ FAO គ្រោងអនុវត្តគម្រោងថ្មីជាច្រើនជាមួយនឹងថវិកាសរុបជាង ៦៥ លានដុល្លារអាមេរិក ៕

 

 

 

អត្ថបទពេញនិយម