ឯកឧត្តម សុខ ស៊ីឡូ ៖ ការផ្លាស់ប្តូរវិជ្ជមានលើរបបអាហារ និងរក្សាលំហាត់ប្រាណត្រឹមត្រូវជួយឱ្យរាងកាយមិនឡើងទម្ងន់ខ្លាំង
ភ្នំពេញ - នៅក្នុងកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន នាពេលព្រឹកមិញនេះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ការផ្លាស់ប្តូរវិជ្ជមានលើរបបអាហារ គឺជាគន្លឹះជួយឱ្យរាងកាយមិនឡើងទម្ងន់ខ្លាំងដែលនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាព ខណៈការហាត់ប្រាណទៀងទាត់ក៏ចូលរួមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។
ឯកឧត្តម សុខ ស៊ីឡូ ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលរាងកាយមានភាពសកម្មជាប្រចាំ រួមជាមួយនឹងការអនុវត្តន៍របបអាហារសុខភាពបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺលើសឈាម លើសជាតិស្ករនិងខ្លាញ់ ជួយបង្កើនសាច់ដុំរាងកាយ និងធ្វើឱ្យសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណ:ប្រសើរឡើង។
ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា ៖ “តាមអង្គការសុខភាពពិភពលោក ការហាត់ប្រាណបានទៀងទាត់អាចជួយការពារនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្សេងៗទៀតបានយ៉ាងល្អ។ ទន្ទឹមគ្នានេះ ការធ្វើឱ្យរាងកាយមានភាពសកម្មភាពក៏អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ ព្រមទាំងពង្រឹងស្មារតី បង្កើនលទ្ធភាពរៀនសូត្រ ប្រសិទ្ឋភាពការងារនិងលើកកម្ពស់សុខុមាលភាពទូទៅ”។
បន្ថែមលើនេះ ឯកឧត្តម សុខ ស៊ីឡូ បានឱ្យដឹងទៀតថា ដើម្បីសុខភាព និងសុខុមាលភាពល្អប្រសើរ អង្គការសុខភាពពិភលោកបានណែនាំថា មនុស្សពេញវ័យម្នាក់គួរហាត់ប្រាណដោយដើរ, ការស្រោចទឹកដំណាំ ការលេងកីឡា ការធ្វើចលនាខ្លួនប្រាណក្នុងពេលកំពុងអង្គុយមើលទូរទស្សន៍ និងកម្មវិធីផ្សងៗ ការដើរឡើងជណ្ដើរជាដើម ឱ្យបានយ៉ាងហោចណាស់ពី ១៥០ ទៅ៣០០នាទីក្នុងមួយសប្តាហ៍។ សម្រាប់កុមារ និងយុវវ័យគួរធ្វើឱ្យរាងកាយមានសកម្មភាព ឬហាត់ប្រាណយ៉ាងហោចណាស់បានរយៈពេល ៦០នាទីក្នុងមួយថ្ងៃ។
សូមជម្រាបថា ទោះបីមានភស្តុតាងវិទ្យាសាស្ត្រជាច្រើនបានបង្ហាញពីគុណតម្លៃនៃការហាត់ប្រាណ និងការធ្វើឱ្យរាងកាយមានភាពសកម្មក៏ដោយ ក៏មានមនុស្សពេញវ័យ ២៧,៥% និងមនុស្សវ័យជំទង់ ៨១% នៅលើពិភពលោកមិនបានអនុវត្តតាមអនុសាសន៍ និងគោលការណ៏ណែនាំរបស់អង្គការសុខភាពពិភពលោក (ឆ្នាំ២០១០) ដើម្បីធ្វើឱ្យរាងកាយមានភាពសកម្មជាប្រចាំ លើកកម្ពស់សុខភាព និងសុខុមាលភាពឡើយ។
ការស្រាវជ្រាវបានបង្ហាញថា ការហាត់ប្រាណ ឬធ្វើឱ្យរាងកាយសកម្មជាប្រចាំ អាចឱ្យពិភពលោកទប់ស្កាត់មរណភាពប្រជាជនបានពី ៤ ទៅ ៥លាននាក់ក្នុងមួយឆ្នាំៗ។ ឥរិយាបថមិនល្អដូចជាការអង្គុយធ្វើការក្នុងការិយាល័យយូរពេកអាចបង្កើនហានិភ័យដល់សុខភាពធ្ងន់ធ្ងរជាច្រើន។ ការកំណត់តុល្យភាពពេលវេលាអង្គុយធ្វើការ កំណត់ពេលវេលាសម្រាកគ្មានសកម្មភាព និងការធ្វើសកម្មភាពរាងកាយ គឺជាទម្លាប់ល្អសម្រាប់សុខភាព៕