ប្រទេសជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាតិ
ភ្នំពេញ - ភ្លាមៗបន្ទាប់ពីជំនួបទ្វេរភាគីរវាងកម្ពុជា-ជប៉ុន នៅសៀលថ្ងៃសៅរ៍នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៥១.៣លានដុល្លារអាម៉េរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួនបួន ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ ។
លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន បានចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
- គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានទឹកប្រាក់ចំនួន ២.៤៥១ លានយ៉េន (ប្រមាណ ១៧លានដុល្លារអាម៉េរិក) ។
- កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម មានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារអាម៉េរិក) ។
- គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ មានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក) ។
- គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក មានទឹកប្រាក់ចំនួន ៣.៣៦១លានយ័ន (ប្រមាណ ២៣លានបីសែនដុល្លារអាម៉េរិក)។
នាឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចជា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន ០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា ។
ទន្ទឹមគ្នានេះ ក៏ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក តូហ្ស៊ីមីតស៊ូ អ៊ីម៉ាល (Toshimitsu Imal) អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។
សូមជម្រាបថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនជារឿយៗតែផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យមួយចំនួន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជំនួយសម្រាប់អភិវឌ្ឍន៍ការអប់រំ វប្បធម៌ និងវិស័យទឹកស្អាតជាដើម ៕