ខេត្តកំពង់ស្ពឺរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង
កំពង់ស្ពឺ - ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការ Helen Keller (HKI) បានរៀបចំកិច្ចពិភាក្សាបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ មានគោលបំណងសំខាន់ពីរ ៖
- (១) ផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ។
- (២) ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពង់ស្ពឺ។
សូមជម្រាបថា កិច្ចប្រជុំពិភាក្សាបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម ជួ ប៊ុនហៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ទន្ទឹមគ្នានេះលោក ជុំ សែនវាសនា ប្រធានកម្មវិធីអង្គការ Helen Keller បានចែករំលែកបទពិសោធន៍ក្នុងការចូលរួមបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពង់ឆ្នាំង និងរតនគិរី៕