ក្រុមហ៊ុនសម្ភារៈអូស្ត្រាលី ចាប់ដៃជាមួយក្រុមហ៊ុន K&K PiPE លើកកម្ពស់សុវត្ថិភាពទឹកស្អាតនៅកម្ពុជា
ភ្នំពេញ - ស្របតាមទស្សនៈវិស័យ "ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា" និងបង្កើនកិច្ចសហការពង្រឹកប្រព័ន្ធចែកចាយសម្ភារៈផ្គត់ផ្គង់និងរក្សាទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុន Tiger Water Solutions និងក្រុមហ៊ុន K&K pipe Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញភាពជាដៃគូរបង្កើនផលិតគ្រប់គ្រងប្រព័ន្ធទឹកស្អាតទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ ។ ពិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន K&K pipe Cambodia ។
លោក គឹម ប៊ុណ្ណា អគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia Co. Ltd បានលើកឡើងថា ភាពជាដៃគូររវាងក្រុមហ៊ុនទាំងពីរ ជាការបើកទំព័រមួយថ្មីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ។ ទន្ទឹមគ្នានេះ ភាគជាដៃគូររវាងក្រុមហ៊ុនទាំងពីរនេះកើតឡើងបាន ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យ និងឆន្ទៈដូចគ្នា ផ្តោតសំខាន់លើការផលិតនូវផលិតផលទុយោរ PE និងអាងស្តុកទឹកដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ។
លើសពីនេះទៀត លោកអគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia សង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការនាំយកផលិតផលទាំងពីរទៅកាន់ទីផ្សារអន្តរជាតិ ។
ស្របគ្នានេះ លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions មានប្រសាសន៍ថា លោករីករាយដែលចូលរួមជាមួយ K&K Pipe Cambodia ព្រមទាំងជឿជាក់ថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាក្នុងផ្តល់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអូស្ត្រាលីចូលមកប្រទេសកម្ពុជា ។
“ក្រុមហ៊ុនទាំងពីរឯកភាពនឹងរៀបចំសកម្មភាពបណ្តុះបណ្តាលបច្ចេកទេសទៅវិញទៅមក និងមានផែនការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅប្រទេសអូស្រ្តាលីនៅពេលស្ថាបនការណ៍កូវីដថមថយ ព្រមទាំងចូលរួមលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” នេះជាការបញ្ជាក់បន្ថែមរបស់លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Tiger Water Solutions ជាក្រុមហ៊ុនផលិតធុងទឹកតាមស្ដង់ដាបច្ចេកទេសរបស់ប្រទេស អូស្ត្រាលី និងចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍ ។ ក្រមហ៊ុននេះ មានបទពិសោធន៍ផលិតធុងត្រងទឹកភ្លៀង ផ្គត់ផ្គង់សម្ភារៈទឹកស្អាត កសាងអាងស្តុកទឹក តបណ្តាញទឹក កសាងប្រព័ន្ធធារាសាស្ត្រ តភ្ជាប់បណ្តាញអគ្គីសនី ព្រមទាំងគ្រប់កាកសំណល់ទៅការស្តង់ដាបច្ចេកទេសអន្តរជាតិ ។
ចំណែកក្រុមហ៊ុន K&K Pipe Cambodia ជាក្រុមហ៊ុនផលិតបំពង់ PE និងប្រព័ន្ធបំពង់សម្រាប់ឧស្សាហកម្មទឹក ប្រព័ន្ធធារាសាស្រ្ត និងកម្មវិធីឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា ។ តាមរយៈបទពិសោធន៍ជាង ២០ឆ្នាំ ក្រុមហ៊ុនយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមដែលឧស្សាហកម្មទឹកបានជួបប្រទះ ។ ក្រុមហ៊ុនបានធ្វើការងារលើវិស័យទឹកស្អាតយ៉ាងសកម្ម សហការជាមួយអតិថិជន និងឧស្សាហកម្មនានា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ទឹកសុវត្ថិភាព និងគំនិតច្នៃប្រតិដ្ឋថ្មីនាពេលបច្ចុប្បន្ន និងទៅអនាគត ៕