មន្ទីរសុខាភិបាលខេត្តកំពង់ធំ គាំទ្រឱ្យមានការបង្កើតបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ

ថ្ងៃអង្គារ៍ ទី២៩ ខែមិនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 700
1

កំពង់ធំ - លោកវេជ្ជបណ្ឌិត កែវ ដាវីន អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្ហាញថា ការបង្កបរិយាកាសសមស្របដល់ស្ត្រី ដូចជា ការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅ ជាការចូលរួមចំណែកលើកកម្ពស់សកម្មភាពបំបៅដោះកូនដោយទឹកដោះម្តាយ ។ 

លោកវេជ្ជបណ្ឌិត កែវ ដាវីន តំណាងមន្ទីរសុខាភិបាល ខេត្តកំពង់ធំ មានប្រសាសន៍ដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនជាលើកដំបូងនៅសាលាខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្ត នាព្រឹកថ្ងៃអង្គារ៍នេះ ។

ទន្ទឹមគ្នានេះ លោកបានលើកឡើងថា កន្លែងធ្វើការត្រូវមានបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ ដើម្បីជួយសម្រួលឱ្យស្ត្រីពេញចិត្តបំបៅដោះកូនដោយកក់ក្តៅ មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារ ដែលនាំឱ្យផលិតភាពការងារកើនឡើង និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិក ។  

លោកវេជ្ជបណ្ឌិត កែវ ដាវីន ប្រសាសន៍ថា នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លេខ ២០៣ ស.ខ.ល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថាទឹកដោះម្តាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារទឹក ឬភេសជ្ជៈអ្វីទៀតទេនៅក្នុងអំទ្បុងពេលប្រាំមួយខែដំបូងនៃជីវិតទារក។   

អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ រូបនេះ បានបញ្ជាក់បន្ថែមថា ៖ “ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ខ្ញុំក៏សូមអំពាវនាវដល់មន្ទីរ រោងចក្រសហគ្រាស អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់”

ជុំវិញការបំបៅដោះកូននៅកម្ពុជា តាមការកត់សម្គាល់ ម្តាយ និងអ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្ត។ នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧០% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។ ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបម្រើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេ នោះនឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយ បន្តធ្លាក់ចុះថែមទៀតជាមិនខាន។ 

សូមជម្រាបដែរថា នៅចំពោះមុខបញ្ហាប្រឈមខាងលើនេះ ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ ។  

ការជំរុញនេះ ដោយសារតែសារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះម្តាយ រួមមាន ប្រូតេអ៊ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូសជួយផ្តល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឱ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារដើម្បីស្តុកថាមពល ជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូមជាដើម និងជាតិទឹកដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ ។

 

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ បានបញ្ជាក់ទៀតថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម។   

ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួនបីក្នុងការជំរុញ លើកកម្ពស់ គាំទ្រ និងការពារការបំបៅកូនដោយទឹកដោះម្តាយ រាប់ចាប់ផ្តើមម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ ២ឆ្នាំឬលើស និងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី ៦ខែទ្បើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់មានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ ៕ 

 

អត្ថបទពេញនិយម