បញ្ហាកង្វះទឹកស្អាតនិងអនាម័យជាមូលហេតុបណ្ដាលឱ្យកុមារក្រិសក្រិន និងស្គមស្គាំង

ថ្ងៃពុធ ទី០១ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 1.1K
1

សៀមរាប - ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ មានប្រសាសន៍ថា បញ្ហាកង្វះទឹកស្អាត និងអនាម័យជាមូលហេតុមួយក្នុងចំណោមបញ្ហាដ៏ទៃទៀតដែលបណ្ដាលឱ្យកុមារក្រិសក្រិន និងស្គមស្គាំង ។ ឯកឧត្តមមានប្រសាសន៍ដូចនេះនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផលនៃដំណើរទស្សនកិច្ចក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រី រៀបចំឡើងនៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប កាលពីថ្ងៃសុក្រកន្លងទៅ ។ 

 

 

បន្ទាប់ពីដឹកនាំប្រតិភូថ្នាក់ជាតិចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅតាមសហគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង ប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ មានប្រសាសន៍ថា ការលើកកម្ពស់ទឹកស្អាតនិងអនាម័យ និងអាហារូបត្ថម្ភនៅកម្ពុជារីកចម្រើនគួរឱ្យកត់ស្គាល់ ប៉ុន្តែទន្ទឹមគ្នាភាគីពាក់ព័ន្ធត្រូវបន្តចូលរួមធ្វើកិច្ចការនេះបន្តទៀតតាមរយៈសកម្មភាពនានា ។

 

បន្ថែមលើនេះឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងពីសូចនាករសំខាន់ៗចំនួន ០៤ចំណុច ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកស្អាតអនាម័យ និងអហារូបត្ថម្ភនៅកម្ពុជា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវកន្លងទៅថា (.) ២៩% នៃគ្រួសារនៅជនបទមានទម្លាប់បន្ទោបង់ពាសវាលពាសកាល រួមទាំងការចោលលាមករបស់ទារកឬកុមារតូច និងការទុកដាក់លាមកសត្វមិនត្រឹមត្រូវ គឺជាប្រភពចម្លងមេរោគទៅដៃមនុស្ស ទៅដី ប្រភពទឹក និងអាហារ ។ ទន្ទឹមគ្នានេះ (.) ៤១% នៃគ្រួសារនៅជនបទមិនទាន់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតជាមូលដ្ឋាន (CSES ២០១៧)  

 

ចំណែកទី (.) ៨៤% នៃគ្រួសារនៅជនបទមិនទាន់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានការគ្រប់គ្រងដោយសុវត្ថិភាព (MRD-NAP) (.) ២៣% នៃគ្រួសារនៅជនបទគ្មានឧបករណ៍ឬសម្ភារលាងសម្អាតដៃ ដែលមានទឹក និងសាប៊ូ (CSES ២០១៧)។ ស្របគ្នានេះ ផលប៉ះពាល់សុខភាពយូរអង្វែង បណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភកុមារក្រោម ០៥ឆ្នាំ រួមមាន ៣២% ក្រិសក្រិន និង ១០% ស្គមស្គាំង ។ 

 

សូមជម្រាបថា គណៈប្រតិភូថ្នាក់ជាតិបានធ្វើដំណើទស្សកិច្ចសិក្សារយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណង សំខាន់បីចំណុច រួមមាន (.) សិក្សានិងផ្លាស់ប្តូបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៍មាននានាស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់សេវាផ្គង់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភ ។ (.) គាំទ្រការពង្រឹងសមត្ថភាពអ្នករៀបចំគោលនយោបាយពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តវិធីសាស្រ្តតាមបែបចូលរួមជាមួយសហគមន៍ និងទី (.) ស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ឱកាស និងឧបសគ្គនានាដើម្បីជួយកែលម្អគម្រោងសកម្មភាពនានាដែលដឹកនាំដោយសហគមន៍លើការងារលើកកម្ពស់វិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភ ។

 

សមាសភាពចូលរួមក្នុងដំណើទស្សនកិច្ចនេះ រួមមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសុខភិបាល, ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, សមាជិកលេខាធិការដ្ឋាន ក...., តំណាងរដ្ឋបាលខេត្តសៀមរាបនិងខេត្តកំពង់ធំ, និងដៃគូអភិវឌ្ឍន៍នានា រួមមាន អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការ UNICEF, អង្គការ HURREDO, អង្គការហេឡេន ខេល័រ អន្តរជាតិកម្ពុជា, អង្គការ Water Aid កម្ពុជា, និងសមាគមបណ្តុះកុមារ ៕ (រូបភាពដកស្រង់ពីក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ និងរូបទំព័រមុខដោយអង្គការ Water Aid កម្ពុជា

 

 

អត្ថបទពេញនិយម