ជំនួបកម្ពុជានិងប្រធានាធិបតីថ្មីហ្វីលីពីនបានលើពីកិច្ចសហប្រតិបត្តិការសុវត្ថិភាពស្បៀងនិងអាហារូបត្ថម្ភ
ទីក្រុងម៉ានីល - ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេសតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ការរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាជន និងការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។
ទន្ទឹមគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុវត្ថិភាពស្បៀង អាហារូបត្ថម្ភ សន្តិសុខថាមពល ពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុដែលជាបញ្ហារួមរបស់តំបន់ និងពិភពលោក។
សូមជម្រាបថា នាឱកាសនេះដែរ ឯកឧត្តម សាយ សំអាល់ បេសកជនពិសេសកម្ពុជា ក៏បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះឯកឧត្តមប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីនយ៉ាងច្រើនលើសលប់ ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្ត និងចក្ខុវិស័យនៃការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី។