រដ្ឋមន្ត្រីក្រសួងបរិស្ថានកោតសរសើរលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល
ភ្នំពេញ - ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីក្នុងបុព្វហេតុលើកកម្ពស់និងការពារសុខភាពសាធារណៈជូនរាជរដ្ឋាភិបាល និងប្រជាជន ។ ការលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ នារសៀលថ្ងៃពុធកន្លងទៅ នៅក្រសួងបរិស្ថាន ។
ទន្ទឹមគ្នានេះ ឯកឧត្តមបានបន្តថា ក្រសួងសុខាភិបាលបានបង្កើតសមិទ្ធផលជាច្រើនដូចជា ការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកអំឡុងពេលសម្រាល អត្រាកាត់បន្ថយជំងឺឆ្លងគ្រប់ប្រភេទ យុទ្ធនាការស្រោចស្រពវ៉ាក់សាំងបង្ការ និងទប់ស្កាត់បានជំងឺកូវីដ១៩ ជាពិសេសជោគជ័យក្នុងការទប់ស្តាត់ការប្រើប្រាស់ផលិតផលថ្នាំជក់។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តការងារអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា និងបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅគន្លឹះនានាក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា ដោយអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជា ៕