រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តវិស័យធនាគារ និងហិរញ្ញវត្ថុសហការឱ្យជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន

ថ្ងៃច័ន្ទ ទី០៨ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 381
1

ភ្នំពេញ​ នាឱកាសប្រគល់ពានរង្វាន់ដល់ជ័យលាភីអ្នកសារព័ត៌មានចូលរួមប្រឡងប្រជែងចងក្រងអត្ថបទសារព័ត៌មានស្តីពី “ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា” ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការបង្កើនចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាន គឺសំខាន់យ៉ាងខ្លាំងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានេះ វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវសហការគ្នាឱ្យជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន។

 

 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកត់សម្គាល់ថា បច្ចុប្បន្នការយល់ដឹងពីរបៀបសរសេរព័ត៌មាននៃវិស័យធនាគារ និងហិរញ្ញវត្ថុរបស់អ្នកសារព័ត៌មាននៅមានកម្រិត ដែលត្រូវពង្រឹងបន្ថែមទៀត ហើយតាមរយៈកម្មវិធីប្រកាសលទ្ធផលប្រកួតអត្ថបទនៅថ្ងៃនេះ នឹងចូលរួមបង្កើនជំនាញដល់អ្នកសារព័ត៌មានលើផ្នែកសេដ្ឋកិច្ចមួយកម្រិតទៀត។ វិស័យហិរញ្ញវត្ថុ និងវិស័យសារព័ត៌មានត្រូវបន្តពង្រឹងទំនាក់ទំនងរវាងគ្នា និងបន្តចែករំលែកចំណេះដឹងតាមរយៈការបណ្តុះបណ្តាលនានា ព្រមទាំងបន្តសហការគ្នាដើម្បីបម្រើផលប្រយោជន៍សាធារណជន។

 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ៖ “ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជនក្នុងការសម្រេចចិត្តជ្រើសរើសរកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ”។ 

 

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុប្រៀបដូចជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេស កាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ បន្តជំរុញអក្ខរកម្មធនាគារ និងហិរញ្ញវត្ថុដល់អ្នកសារព័ត៌មានឱ្យកាន់តែរីកចម្រើន ហើយអ្នកសារព័ត៌មានត្រូវមានមូលដ្ឋានចំណេះដឹងធនាគារ និងហិរញ្ញវត្ថុមុននឹងផ្សព្វផ្សាយទៅកាន់សាធារណជន។

 

សូមជម្រាបថា ដោយមើលឃើញពីបញ្ហាប្រឈមនៃទំនាក់ទំនងរវាងវិស័យហិរញ្ញវត្ថុ និងស្ថាប័នសារព័ត៌មានមិនទាន់ជិតស្និទ្ធគ្នានៅឡើយ សមាគធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)  ព្រមទាំងក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានលើចំណេះដឹងមូលដ្ឋានគ្រឹះក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងរៀបចំកម្មវិធីចុះទស្សនកិច្ចសិក្សាតាមមូលដ្ឋាននៅខេត្តកំពត និងខេត្តតាកែវ ព្រមទាំងរៀបចំការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទព័ត៌មានជាដើម។

 

ជាលទ្ធផលមានអ្នកសារព័ត៌មាន ០៥ រូប បានទទួលជ័យលាភីពីការប្រកួតប្រជែងនេះ​ និងបានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រ ទី០៥ ខែសីហាកន្លងទៅ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ អ្នកចូលរួមសរុបជាង ១០០នាក់៕

 

អត្ថបទពេញនិយម