ក្រសួងអប់រំសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅ តាមសាលារៀនចំនួន៤០ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ - នាព្រឹកថ្ងៃសៅរ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅតាមសាលារៀនចំនួន ៤០ ក្នុងខេត្តកំពង់ស្ពឺ ដែលជានិមិត្តរូបហេដ្ឋារចនាសម្ព័ន្ធរូបវន្តលើវិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ ។
សមិទ្ធផលថ្មីនេះ ក្រសួងអប់រំជឿជាក់ថា នឹងជួយបណ្តុះទម្លាប់ដល់កុមារឱ្យអនុវត្តបំណិនអនាម័យផ្ទាល់ខ្លួនតាមរយៈការប្រើប្រាស់បង្គន់អនាម័យ ការលាងសម្អាតដៃបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឹរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ។
ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំបានចាត់ទុកការលើកកម្ពស់វិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ នឹងជួយដល់សុខភាពសិស្សានុសិស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បង្ហាញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។
បើតាមអង្គការយូនីសេហ្វកម្ពុជា បានបង្ហាញថា ការផ្តល់ឱ្យកុមារទឹកស្អាតបរិភោគ មានបង្គន់អនាម័យប្រើប្រាស់សមស្រប និងអប់រំពួកគេឱ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ ។
ទន្ទឹមគ្នានេះ ជំងឺរាករូសជារឿយៗកើតចេញពីទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនកខ្វក់ គឺជាមូលហេតុដ៏ធំមួយដែលធ្វើឱ្យកុមារមានជំងឺផ្សេងៗ រួមនឹងបញ្ហាក្រិសក្រិន ព្រមទាំង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេផងដែរ ។
ប្រទេសកម្ពុជាកំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតឡើយ ។ បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមា នភាពល្អប្រសើរជាងមុនក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេនៅក្នុងតំបន់ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋកម្ពុជារស់នៅជនបទនៅមានជីវភាពក្រីក្រជាងគេ ១០នាក់ មានប្រមាណ ៨នាក់ទៅហើយដែលនៅបន្ទោបង់ក្នុងប្រភពទឹកចំហ ឬបន្ទោរបង់ពាសវាលពាសកាលដោយមិនប្រើប្រាស់បង្គន់។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ ហើយនេះ មានន័យថា ពួកគេមិនបានបែងចែកសំណល់របស់មនុស្សឱ្យនៅដោយឡែកពីមនុស្សប្រកប ដោយអនាម័យនោះឡើយ ។ ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន ១០ មាន ៧សាលាដែលពុំមានបរិក្ខារអនាម័យ និងទឹកស្អាតហើយក្នុងចំណោមមណ្ឌលសុខភាពនៅតំបន់ជនបទចំនួនពីរ មានមួយកន្លែងដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។
សូមជម្រាបថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន ដោយសារពួកគេពុំមានទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួចអំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ ។ នេះបើតាមការសិក្សារបស់អង្គការយូនីសេហ្វកម្ពុជា ៕