មន្ត្រីក្រសួងអប់រំ ៖ បញ្ហាកង្វះអនាម័យជាមូលហេតុចម្បងប៉ះពាល់ដល់ការលូតលាស់រាងកាយនិងស្មារតីកុមារ

ថ្ងៃពុធ ទី២០ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 949
1

ស្វាយរៀង - លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទម្លាប់រស់នៅកង្វះអនាម័យជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងបណ្តាលឱ្យកុមារកើតជំងឺដង្កូវព្រូន ។ លោកជំទាវបានលើកឡើងដូចនេះ នៅក្នុងពិធីសម្ពោធបង្គន់អនាម័យ និងបរិក្ខាលាងសម្អាតដៃ នៅសាលាបឋមសិក្សាតាស្អាង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធនេះ ។

លោកជំទាវបណ្ឌិត សឿ សុជាតា មានប្រសាសន៍បញ្ជាក់ថា ការរស់នៅកង្វះអនាម័យបណ្តាលឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងបញ្ហាក្រិន ដែលបន្ទុចបង្អាក់ដល់ការលូតលាស់ផ្នែករាងកាយនិងស្មារតីរបស់កុមារ។ លើសពីនេះ កង្វះអនាម័យបណ្តាលឱ្យមានជំងឺរាគ ជំងឺផ្លូវដង្ហើមស្រួចស្រាល ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម ។ 

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៖ “សូមអាណាព្យាបាល ឬមាតាបិតាសិស្ស ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យអនុវត្តការលាងសម្អាតដៃឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររបស់ខ្លួន”

ស្របគ្នានេះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា បានបន្តទៀតថា បង្កើតទម្លាប់អនុវត្តអនាម័យល្អជួយបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ។ ការអប់រំអនាម័យនៅតាមសាលារៀននឹងជួយកុមារផ្លាស់ប្ដូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ។ ជាមួយគ្នានេះ ការប្តេជ្ញាចិត្តអនុវត្តសកម្មភាពសុខភាពសិក្សាទាំងអស់គ្នា គឺជាការរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

សូមជម្រាបថា អង្គការ UNICEF បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រកម្មវិធីទឹកស្អាត អនាម័យ និងការគ្រប់គ្រងអនាម័យពេលមករដូវនៅខេត្តចំនួន និងពិសេសជួយកសាងបង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃដល់សាលារៀន ចំនួន៣៤ នៅខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង បានក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ១០០% ដោយសារប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ៕

អត្ថបទពេញនិយម