ក្រសួងអប់រំដាក់ចេញសំណុំសកម្មភាព ៩ចំណុចជំរុញការអនុវត្តសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ – លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅក្នុងសន្និបាតអប់រំប្រចាំឆ្នាំកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅថា ការងារសុខភាពសិក្សាបានអនុវត្តជាជំហានៗ ស្របតាមយុទ្ធសាស្ត្រនានានៃគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ការវិវត្តសេដ្ឋកិច្ច និងសង្គម ។ ដោយឡែកការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ក្រសួងកំពុងពង្រីកជាបណ្ដើរៗ ទៅដល់សាលារៀនគោលដៅ ដោយផ្តោតជាចម្បងលើសំណុំសកម្មភាព ៩ចំណុចសំខាន់ៗ ។
១. ការអភិវឌ្ឍកបខណ្ឌច្បាប់និងយន្តការ ៖ ការងារផ្ដោតលើការបង្កើតនិងពង្រឹងគណៈកម្មការសុខភាពសិក្សាដោយមានសមាសភាពពាក់ព័ន្ធចូលរួម, រៀបចំបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាដោយដាក់បញ្ចូលការងារសុខភាពសិក្សា, រៀបចំក្រុមប្រឹក្សាកុមារដោយមានភារកិច្ចការងារសុខភាពសិក្សា, និងចាត់តាំងគ្រូទទួលបន្ទុកសុខភាពសិក្សាប្រចាំការនៅបន្ទប់សុខភាពជាដើម។
២. ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ៖ ការងារផ្តោតលើការរៀបចំឱ្យមានបន្ទប់សុខភាពនិងមានបរិក្ខារដំណើរការចាំបាច់រួមទាំងសម្ភារៈសង្គ្រោះបឋម, ផ្តល់ថ្នាំទម្លាក់ដង្កូវព្រូន និងថ្នាំបង្ការនានាតាមកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ, រៀបចំការពិនិត្យសុខភាព កាយសម្បទា ស្ថានភាពអាហារូបត្ថម្ភ គំហើញ កម្លាំងឮ មាត់ធ្មេញ។
៣. ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ៖ ការងារផ្តោតលើការរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង, ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា, រៀបចំឱ្យមានសួនបន្លែវិលជុំ ។
៤. ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ៖ ការងារផ្តោតលើរៀបចំឱ្យមានទឹកសម្រាប់ទទួលទាននិងបណ្តាញទឹកស្អាតប្រើប្រាស់, រៀបចំបង្គន់អនាម័យនិងបង្គន់នោមប្រើប្រាស់បានគ្រប់វេណសិក្សា, រៀបចំកន្លែងលាងសម្អាតដៃតាមតម្រូវការជាក់ស្ដែងដោយមានទឹកនិងសាប៊ូជាប់ជាប្រចាំ, គ្រប់គ្រងសំរាម ឬកាកសំណល់ផ្សេងៗបានត្រឹមត្រូវ ព្រមទាំងមានសុវត្ថិភាពនិងបរិស្ថានស្អាត។
ទន្ទឹមគ្នានេះ គ្រឹះស្ថានសិក្សាត្រូវរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា រៀបចំឱ្យមានសួនបន្លែវិលជុំ ។
៥. ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព ៖ ការងារផ្ដោតលើការរៀបចំសួនផ្កា ដើមរុក្ខជាតិសម្រាប់លម្អនិងយកម្លប់, រៀបចំទីលានហាត់ប្រាណ កន្លែងលេងកីឡា កន្លែងលេងកំសាន្តសម្រាប់សិស្ស, តុបតែងលម្អទីធ្លាសមរម្យប្រកបដោយទេសភាពគួរជាទីទាក់ទាញ រៀបចំសញ្ញាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់នានា ។
៦. ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ៖ ការងារផ្តោតលើការរៀបចំយាមច្រកចេញចូលគ្រប់ពេលម៉ោងសិក្សា រៀបចំកសាងឬជួសជុលទ្វាររបង កន្លែងផ្ញើយានយន្តសមរម្យ, រៀបចំបំពង់ពន្លត់អគ្គីភ័យ ស្លាកសញ្ញាហាមឃាត់ពិសាបារី គ្រឿងស្រវឹង សារអប់រំគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងលេខទូរស័ព្ទទាក់ទងអ្នកពាក់ព័ន្ធសម្រាប់ចុះអន្តរាគមន៍បន្ទាន់, សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើចរាចរណ៍ពេលសិស្សចេញទៅផ្ទះ ។
៧. ការលើកកម្ពស់ការអប់រំសុខភាព ៖ ការងារផ្តោតលើការរៀបចំផែនការបង្រៀននិងកាលវិភាគបង្រៀនមុខវិជ្ជា “អប់រំសុខភាព“ ១ម៉ោង/សប្តាហ៍, សហការអប់រំផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈដទៃទៀត ។
៨. ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព ៖ ការងារផ្ដោតលើការរៀបចំឱ្យមានការអនុវត្តការលាងសម្អាតដៃនិងដុសសម្អាតធ្មេញ ដើម្បីបណ្តុះទម្លាប់ស្អាត រៀបចំការហាត់ប្រាណបានទៀងទាត់តាមកាលវិភាគនៃថ្នាក់នីមួយៗ ដើម្បីឱ្យរាងកាយបានរឹងមាំ, រៀបចំការលាងសម្អាតបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងទីតាំងផ្សេងទៀតជាប្រចាំថ្ងៃ, រៀបចំការទុកដាក់សំរាមនិងកាកសំណល់នានាឱ្យបានត្រឹមត្រូវជាប្រចាំ ។
៩- ការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ៖ ការងារផ្ដោតលើការសហការជាមួយអ្នកពាក់ព័ន្ធក្នុងការចូលរួមសកម្មភាពលើកកម្ពស់សុខភាពសិក្សា ពិសេសការ បំពេញភារកិច្ចបានពេញលេញនៃគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា ។
ជុំវិញកិច្ចការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងបានចាត់ទុកការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទនេះ ជាកត្តាធានាដល់សុវត្ថិភាព សុខភាព និងអាយុជីវិតសម្រាប់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ដើម្បីមានសុវត្ថិភាពនិងសុខភាពក្នុងបរិបទន ការរាតត្បាតជំងឺកូវីដ-១៩នេះ គ្រប់អង្គភាព គ្រឹះស្ថានសិក្សា និងបុគ្គលម្នាក់ៗត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានអនាម័យជាប្រចាំ ៕