ក្រសួងអប់រំដាក់ដំណើរការមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ខេត្តកំពង់ស្ពឺ

ថ្ងៃអង្គារ៍ ទី១៩ ខែកក្កដា​ ឆ្នាំ២០២២      Root
ចែករំលែក
Views: 645
1

ភ្នំពេញ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃចន្ទកន្លងទៅ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា អគារនេះនឹងក្លាយទៅជាកន្លែងរៀន និងអនុវត្តន៍ដោយផ្ទាល់ទៅលើគ្រឿងអេឡិចត្រូនិក ភាសាអង់គ្លេស និងភាសាកូរ៉េជាដើម ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា មានប្រសាសន៍ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាមជ្ឈមណ្ឌលអប់រំក្រៅប្រព័ន្ធដែលសិក្សាស្រាវជ្រាវលើផ្នែកអេឡិចត្រូនិក និងបច្ចេកទេសយានយន្ត ដែលបង្កើត និងឧបត្ថម្ភឡើងក្រោមជំនួយគាំទ្ររបស់ដៃគូ ឡៃ អិនក្លឹប (Li ONCLUB) នៃសាធារណរដ្ឋកូរ៉េ ។ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប អាចប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីសិក្សាស្រាវជ្រាវ និងទទួលចំណេះ ជំនាញ បច្ចេកទេស សម្រាប់ឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារយ៉ាងល្អប្រសើរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា សាលារៀនដែលជាថ្នាលបណ្តុះចំណេះដឹងធនធានមនុស្ស ហើយចំណេះដឹងទាំងនោះរីកដុះដាលឡើងតាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ និងពីទីជនបទរហូតដល់ទីប្រជុំជន ។ សិស្សានុសិស្ស និងយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងស្រាវជ្រាវ ដើម្បីទទូលបានជំនាញមួយច្បាស់លាស់សម្រាប់សាងអនាគត គ្រួសារ និងសង្គមជាតិ ។ 

សូមជម្រាបថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកដែលបានសម្ពោធខាងលើនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការឡៃអិនក្លឹប ប្រទេសកូរ៉េ បង្កើតឡើងដើម្បីជួយលើកស្ទួយវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងជាមជ្ឈមណ្ឌលពហុជំនាញផ្ដល់សេវាអប់រំទៅតាមសេចក្ដីត្រូវការរបស់សិស្សា នុសិ​ស្ស និងប្រជាជននៅក្នុងសហគមន៍៕

អត្ថបទពេញនិយម