ក្រសួងអប់រំជ្រើសរើសសាលារៀនគោលដៅ០៥ ឱ្យក្លាយជាគ្រឹះស្ថានគំរូលើកកម្ពស់សុខភាពសិក្សា
ភ្នំពេញ - គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ ជាឯកសារគោលដ៏សំខាន់ជំរុញការអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅតាមគ្រឹះស្ថានសិក្សា ។ គោលការណ៍នេះ បានបង្កើតឡើងស្របតាមគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ជាពិសេសដើម្បីជាមគ្គុទ្ទេសក៍សម្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធសិក្សាឈ្វេងយល់ និងយកទៅអនុវត្តជាជំហានៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រែក្លាយជា “គ្រឹះស្ថានសិក្សាលើកកម្ពស់សុខភាព”។
នៅសាលាគរុកោសល្យមធ្យមសិក្សាមត្តេយ្យមជ្ឈិម នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំបើកសិក្ខាសាលាតម្រង់ទិសអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ ដើម្បីផ្សព្វផ្សាយដល់គណៈគ្រប់គ្រង គ្រូបង្គោលសុខភាពសិក្សា និងគ្រូបង្រៀនមុខវិជ្ជា "អប់រំសុខភាព" គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈគោលដៅចំនួន ០៥ ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការផ្សព្វផ្សាយពីគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ ដល់គណៈគ្រប់គ្រង គ្រូបង្គោលសុខភាពសិក្សា និងគ្រូបង្រៀនមុខវិជ្ជាអប់រំសុខភាព នឹងជួយឱ្យភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តតាមជំហ៊ានៗ ដើម្បីទទួលបានប្រសិទ្ធភាព ។
ទន្ទឹមគ្នានេះ សិក្ខាសាលាតម្រង់ទិសក៏បានបើកឱកាសឱ្យអ្នកចូលរួមពិភាក្សាពីលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យក្នុងការឆ្លើយតបស្តង់ដាទាំង០៩ និងសូចនាករស្តង់ដាទាំង២៦ របស់គោលការណ៍ណែនាំប្រតិបត្តិស្តង់ដា ស្តីពីការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ។ អ្នកចូលរួមអាចសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ នៃការអនុវត្តការលើកកម្ពស់សុខភាពសិក្សានៅសាលាបឋមសិក្សាចតុមុខ ដើម្បីប្រែក្លាយសាលារៀនគោលដៅទាំង០៥ ជាសាលាគំរូលើកកម្ពស់សុខភាពសិក្សាក្នុងខេត្តគោលដៅទាំង ០៥ ។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Nargiza Khodjaeva តំណាងអង្គការយូណេស្កូ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារនាយកដ្ឋានសុខភាពសិក្សា តំណាងមន្ទីរអប់រំ លោកគ្រូអ្នកគ្រូមកពីខេត្តចំនួន ០៥ រួមមាន ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ។
អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិសម្រាប់អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (UN) បានផ្តួចផ្តើមបង្កើតឯកសារ “ស្តង់ជាសកលស្តីពីការលើកកម្ពស់សុខភាពតាមគ្រឹះស្ថានសិក្សា" ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់អនុវត្តចាប់ពីម្នាក់ជាតិរហូតដល់គ្រឹះស្ថានសិក្សា។ ការលើកកម្ពស់សុខភាពតាមគ្រឹះស្ថានសិក្សាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរបស់កុមារ យុវជន និងជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរស់នៅប្រកបដោយសុខភាពល្អ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ ពង្រឹង និងលើកកម្ពស់សមត្ថភាពការសិក្សា ការរស់នៅ និងការធ្វើកិច្ចការប្រចាំថ្ងៃទាំងពេលបច្ចុប្បន្ន និងអនាគត ៕