ក្រសួងបរិស្ថានពិនិត្យគម្រោងទឹកស្អាតនិងអនាម័យនៅសាលារៀន៥ ក្នុងខេត្តសៀមរាប
សៀមរាប - កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រសួងបរិស្ថានដឹកនាំក្រុមការងារជំនាញដោយឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចុះពិនិត្យមើលគម្រោងទឹកស្អាត និងអនាម័យ (Project W) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) នៅសាលារៀនចំនួន ០៥ ស្ថិតនៅក្នុងខេត្តសៀមរាប។
ឯកឧត្តម នេត្រ ភត្រា មានប្រសាសន៍ថា គម្រោងទឹកស្អាត និងអនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកនៅសាលារៀន បានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។ គម្រោងនេះមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាពសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ។
“ជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ”។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។
សូមជម្រាបថា គម្រោងទឹកស្អាត និងអនាម័យ (Project W) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) កំពុងអនុវត្តសាកល្បងនៅសាលារៀនចំនួន ០៥ រួមមាន វិទ្យាល័យខ្នារសណ្តាយ, វិទ្យាល័យតេជោ ហ៊ុន សែន អង្គរធំ, អនុវិទ្យាល័យតាប៉ាង, អនុវិទ្យាល័យខ្ចាស់, និងវិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន ៤៩ សាលារៀនបន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។ គម្រោងនេះជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់និងផឹកដោយឥតគិតថ្លៃ។