ក្រសួងសុខាភិបាល ៖ កំឡុងពេលទឹកជំនន់ជាដំណាក់កាលគ្រោះថ្នាក់និងគួរប្រុងប្រយ័ត្នបំផុត

ថ្ងៃសុក្រ ទី១៥ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 748
1

ភ្នំពេញ - ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការត្រៀមនិងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ បានបញ្ជាក់ថា សាធារណជនត្រូវគិតគូរទៅលើសុវត្ថិភាពរស់នៅឱ្យបានខ្ពស់ និងត្រៀមខ្លួនជានិច្ចមុនពេលទឹកជំនន់ ក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់ ។ បន្ទាប់ពីត្រៀមខ្លួនមុនពេលទឹកជំនន់ កំឡុងពេលទឹកជំនន់ជាដំណាក់កាលគ្រោះថ្នាក់និងគួរប្រុងប្រយ័ត្នបំផុត ។ 

 

កំឡុងពេលមានទឹកជំនន់ ប្រជាពលរដ្ឋមិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់ គ្រឿងប្រើប្រាស់ អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកនៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។

 

 

ទន្ទឹមគ្នានេះ ក្រសួងស្នើសុំឱ្យប្រជាពលរដ្ឋត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនបចាញ់ គ្រុនឈិកនិងជំងឺផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។

 

ចំណែកកូនតូច ឬកុមារត្រូវ ម្តាយឪពុកត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្ដល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ។ ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។ ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្ដល់ការគាំទ្រដល់សមាជិក គ្រួសារ ឬកុមារពិការ ដូចជាឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

 

សុខាភិបាលបានបញ្ជាក់ឱ្យប្រុងប្រយ័ត្នទៀតថា ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូក ឬកាណូតមិនត្រូវដាក់មនុស្សហួសកម្រិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់ ។ លើសពីនេះ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។

 

ចំណុចត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់មួយទៀត គឺការពារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវ ស្លៀកខោជើងវែង ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។

 

 

ដើម្បីជៀសវាងនូវបញ្ហារាករូស រាកមួល ពុលចំណីអាហារ ឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក ២០លីត្រ) ។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារ ចម្អិនឱ្យបានត្រឹមត្រូវនិងឆ្អិនល្អ គ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត និងជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

 

បញ្ជៀសការចម្លងជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងកូវីដ-១៩ ជាចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺដែលក្អក ឬកណ្តាស់ឱ្យលើសពី ១ម៉ែត្រ កន្លះ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលដែលមានធាតុ អាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀស វាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ។ 

 

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បើមានជំងឺឆ្លងរាតត្បាត ឬជំងឺណាមួយ សូមទាក់ទងមកលេខទូរស័ព្ទ ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទក៏អាចទូរស័ព្ទចូលបានដែរ)។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ លេខទូរស័ព្ទ ០១៧ ៩៩៩ ៥៨៦ ឬលោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយស៊ាង លេខទូរស័ព្ទ ០១២ ៩២៥ ៧៤១ ៕

 

អត្ថបទពេញនិយម