ក្រសួងសុខាភិបាលដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់កុមារអាយុក្រោម ៥ឆ្នាំ
ភ្នំពេញ - នៅក្នុងសិក្ខាសាលាថ្នាក់ជាតិនាព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំអន្តរកាលស្តីពី “ការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំ” ជាលើកដំបូងនៅកម្ពុជា ។ គោលការណ៍ណែនាំនេះ នឹងផ្តល់ប្រសិទ្ធភាពក្នុងការតាមដានការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ដែលមានអាយុក្រោមប្រាំឆ្នាំ ដោយប្រើប្រាស់កម្មវិធីវិធីមានលក្ខណៈជាប្រព័ន្ធ និងមានស្តង់ដាច្បាស់លាស់ ។
លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខភាបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិអាហារូបត្ថម្ភរបស់មជ្ឈមណ្ឌលគាំពារមាតា និងទារក បានផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំអន្តរកាលស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំ ។
លោកជំទាវ ប្រាក់ សោភ័ណនារី ៖ “គោលបំណងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំនៅថ្ងៃនេះ គឺមានបំណងផ្សព្វផ្សាយព័ត៌មានទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាព អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្ត ដើម្បីរៀបចំផែនការកែលម្អសម្រាប់អនុវត្តការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំ (GMP) នៅក្នុងប្រទេសកម្ពុជា”។
ផ្អែកតាមខ្លឹមសារនៃសិក្ខាសាលាឱ្យដឹងថា រយៈពេល ៥ ឆ្នាំដំបូងនៃជីវិតកុមារ គឺជាដំណើរការដ៏សំខាន់សម្រាប់ការលូតលាស់ និងអភិវឌ្ឍរបស់កុមារ ជាពិសេសក្នុងអំឡុងពេល ១ពាន់ថ្ងៃដំបូង (ចាប់តាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់កុមារអាយុជាងពីរឆ្នាំ)។ ការយកចិត្តទុកដាក់ដល់ការលូតលាស់ និងអភិវឌ្ឍរបស់កុមារ បង្ហាញឱ្យឃើញពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅពេលអនាគតរបស់កម្ពុជា ។
គួរបញ្ជាក់ដែរថា សិក្ខាសាលាថ្នាក់ជាតិដាក់ឱ្យអនុវត្តគោលការណ៍ណែនាំអន្តរកាលស្តីពី “ការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំ” ជាលើកដំបូងនៅកម្ពុជា ទទួលបានគាំទ្រដោយអង្គការ Helen Keller អន្តរជាតិកម្ពុជា ដែលវេទិកានេះនឹងបង្កើតការពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំ ៕