ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនកូរ៉េ ត្រៀមបំពាក់បច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

ថ្ងៃសុក្រ ទី២៩ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 349
1

ភ្នំពេញ - ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបប្រតិភូក្រុមហ៊ុន GREENTECH INC នៃសាធារណរដ្ឋកូរ៉េ ពិភាក្សាលើការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈម និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ ។ ជំនួបនេះដឹកនាំដោយលោក Tae-Yong Kwon ជាប្រធានក្រុមដឹកនាំគម្រោងរបស់ក្រុមហ៊ុននៅទីស្តីការក្រសួង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ។ 

 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានប្រសាសន៍ថា ជំនួបពិភាក្សាលើការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃនឹងក្លាយជាផ្នែកមួយនៃការដាក់បញ្ចូលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសជួយលើកកម្ពសកិត្តិនាមបន្ថែមទៀតដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលទទួលបានពានរង្វាន់លក្ខណៈអន្តរជាតិជាច្រើនលើការផលិតទឹកស្អាតនៅតំបន់អាស៊ី-អាគ្នេយ៍ ។

 

ទន្ទឹមគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃលើវិស័យទឹកស្អាតនេះ គឺជាការបំពាក់ប្រព័ន្ធទំនើបអាចត្រួតពិនិត្យដឹងទាន់ពេលវេលាពីលំហូរសម្ពាធទឹក គុណភាពទឹក និងកន្លែងទឹកលេចធ្លាយជាដើម ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះ អាចដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមិនចំណាយពេលស្វែងរកបញ្ហាច្រើនថ្ងៃ។ 

 

បើតាមក្រសួងឧស្សាហកម្ម គម្រោងខាងលើនេះនឹងទទួលការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់ ៗ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ ។ ក្រុម ហ៊ុន GREENTECH INC ជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកូរ៉េខាងត្បូងធ្វើការលើផ្នែកប្រព័ន្ធគ្រប់គ្រងវិស័យទឹកស្អាត។ ទន្ទឹមគ្នានេះវិស្វករ ០៧រូបរបស់កូរ៉េ នឹងមកធ្វើការងារជាមួយមន្ត្រីជំនាញរបស់កម្ពុជា ដើម្បី ជំរុញល្បឿននៃការអនុវត្តគម្រោងនេះ៕

 

 

អត្ថបទពេញនិយម