ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំការប្រកួតប្រជែងអត្ថបទលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ សម្រាប់សិស្សថ្នាក់ទី១២


ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ(MRD) បានសហការជាមួយ សាកលវិទ្យាល័យអន្តរជាតិ (IU) និងអង្គការវ័តធឺអែត (WaterAid Cambodia) រៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ សម្រាប់សិស្សថ្នាក់ទី១២ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស។
ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គោលបំណងនៃកម្មវិធីប្រកួតប្រជែង គឺដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តសិស្ស ស្តីពីសុខភាព អនាម័យ ទឹកស្អាត និងវិធីបង្ការរោគក្នុងសហគមន៍ នៅគ្រឹះស្ថានសិក្សាតាមរយៈការសិក្សា ស្រាវជ្រាវ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយជាសាធារណៈ។
ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងទៀតថា សម្រាប់ជ័យលាភីលេខ១ ទទួលបានអាហារូបករណ៍ ១០០ភាគរយ រួមជាមួយថវិកាលើកទឹកចិត្តចំនួន ៣លានរៀល និងប័ណ្ណសរសើរលេខ២ ទទួលបានអាហារូបករណ៍ ៨០ភាគរយ រួមជាមួយថវិកាលើក ទឹកចិត្តចំនួន ២ លានរៀល និងប័ណ្ណសរសើរលេខ៣ ទទួលបានអាហារូបករណ៍ ៧០ភាគរយ រួមជាមួយថវិកាលើកទឹកចិត្តចំនួន ១ លានរៀល និងប័ណ្ណសរសើរ សម្រាប់ក្រុមដែលមិនជាប់ជ័យលាភីទទួលបានថវិកាលើកទឹកចិត្តចំនួន៦០ម៉ឺនរៀល រួមជាមួយអាហារូបករណ៍៥០ភាគរយ។ សម្រាប់អាហារូបករណ៍ដែលនឹងផ្តល់ជូនមាន៤មុខជំនាញ គឺ អភិវឌ្ឍន៍ ជនបទ អនាម័យនិងការបង្ការរោគ សុខភាពសហគមន៍ និងសុខភាពបរិស្ថាន។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ នឹងបែងចែកខេត្តនីមួយៗទៅតាមតំបន់រួមមាន ១.តំបន់ឆ្នេរ៖ កំពត កែប កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ ២.តំបន់ទន្លេសាប៖ បាត់ដំបង ពោធិ៍សាត់ សៀមរាប ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និង កំពង់ធំ ៣.តំបន់ទំនាបកណ្តាល៖ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្ដាល ភ្នំពេញ ព្រៃវែង និងស្វាយរៀង និង៤.តំបន់ឦសានៈ ក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគិរី ។
ប្រកួតប្រជែង មានការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គមហ្វេកបុក (Facebook) របស់សាកលវិទ្យាល័យអន្តរជាតិ(IU) ដើម្បីជ្រើសរើសជ័យលាភី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ៕

