កសាងអនាគតដ៏ប្រសើរ ៖ សន្សំ និងវិនិយោគដើម្បីសុខុមាលភាពគ្រួសារ និងសហគមន៍

ថ្ងៃច័ន្ទ ទី១៤ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 219
1

កំពង់ធំ - តារាមជាភូមិមួយមានទីតាំងនៅអមសងខាងផ្លូវជាតិលេខ៦A ស្ថិតនៅភូមិសាស្ត្រឃុំត្បែង ស្រុកកំពង់ស្វាយ ដែលមានចម្ងាយ ៣១គីឡូម៉ែត្រពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ អ្នកស្រី ឈិន ណាត អាយុ ៥៥ឆ្នាំ ជាកសិករដាំបន្លែចម្រុះមុខលក្ខណៈគ្រួសារនៅភូមិតារាមនេះ ។ គ្រួសារអ្នកស្រីបានក្លាយជាគ្រួសារកសិករឆ្នើមនៅក្នុងសហគមន៍កសិកកម្មតារាមចំរើនផល ។ រយៈពេលជាងប្រាំពីរឆ្នាំក្នុងរបរដាំដុះបន្លែនេះ អ្នកស្រីមានលទ្ធភាពគ្រាប់គ្រាន់ឱ្យកូនប្រុសស្រីទាំងបីនាក់ មានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ និងមានការងារធ្វើរៀងៗខ្លួន ។

 

អ្នកស្រី ឈិន ណាត កសិករឆ្នើមដាំដុះបន្លែចម្រុះនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រមូលផលបន្លែផ្លែ - រូបភាព ម៉ៅ សំណាង

អ្នកស្រី ឈិន ណាត ញញឹមសប្បាយចិត្តនៅពេលដែលរំលឹកដល់ការសិក្សារបស់កូនៗ ។ អ្នកស្រីបានប្រាប់ថា លទ្ធភាពសិក្សារបស់កូនបីនាក់កើតពីការលុយកាក់សន្សំក្នុងរបរដាំបន្លែលក់រាល់ថ្ងៃ ។ លុយកាក់មួយចំណែកសន្សំទុកឱ្យកូនទៅរៀន មួយចំណែកត្រូវវិនិយោគលើគ្រាប់ពូជបន្លែ សម្ភារៈដាំដុះ និងការថែទាំដំណាំ ហើយមួយចំណែកទៀតត្រូវសន្សំ និងត្រៀមទុកចំណាយជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ។ 

 

ត្រង់នេះ ស្តាប់ទៅគ្រួសារអ្នកស្រីហាក់មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ទោះបីមិនមានសរសេរផែនការជាសំណៅសំណេរឯកសារជាក់លាក់យ៉ាងណាក្តី ។ ផែនការដែលគាត់និយាយនោះ មានដូចជា ផែនការអាជីវកម្ម (ការងារដាំដុះ) ផែនការសន្សំប្រាក់ និងវិនិយោគ ព្រមទាំងផែនការគ្រួសារ ។

 

អ្នកស្រី ឈិន ណាត បានឱ្យដឹងថា អ្នកស្រីបានសិក្សាត្រឹមថ្នាក់ទី៧ តែចំណេះដឹងដាំដុះបន្លែសរីរាង្គតាមបច្ចេកទេសសុវត្ថិភាព និងចំណេះដឹងទុកដាក់លុយកាក់ក្នុងគ្រួសារ អ្នកស្រីទទួលបានតាមរយៈការអប់រំបណ្តុះបណ្តាលក្នុងនាមស្ត្រីសមាជិកសហគមន៍កសិកម្ម ។ កសិកររូបនេះ បានបញ្ជាក់បន្ថែមថា ៖ខ្ញុំតែងចូលរួមប្រជុំផ្សេងៗនៅសហគមន៍ ហើយយកចំណេះដឹងហ្នឹងមកអនុវត្តជាក់ស្តែង ! យើងដឹងច្បាស់ពីតម្រូវការទីផ្សារបន្លែ បើរឿងលុយកាក់ខ្ញុំអ្នកចាត់ចែងសន្សំសំចៃ ហើយកែច្នៃធ្វើម៉េចឱ្យរីកចម្រើន បានយើងសល់ហើយទៅមុខ...”   

 

ផ្ទះអ្នកស្រី ឈិន ណាត 

ការងារដាំបន្លែចម្រុះមុខជុំវិញផ្ទះផ្តល់ប្រាក់ចំណូលជាមធ្យម ៤ម៉ឺនរៀលក្នុងមួយថ្ងៃ

គ្រួសារកសិកររស់នៅភូមិតារាមនេះ កំពុងដាំដុះបន្លែចម្រុះមុខលើផ្ទៃដី ដែលមានទទឹងប្រវែង ១៥ម៉ែត្រ និងបណ្តោយជាង ១០០ម៉ែត្រនៅក្បែរផ្ទះឈើដំបូកប្រក់ក្បឿងដ៏ស្រស់ស្អាត ។ ផ្នែកខាងត្បូង និងខាងក្រោយផ្ទះមានសួនបន្លែលម្អដោយដើមត្រប់វែងកំពុងផ្លែ ដាំជាជួរបន្តបន្ទាប់ មានរងត្រប់ស្រួយ ល្ហុង ស្ពៃចង្កឹះ ស្ពៃតឿ ស្បៃក្រញាញ់ ស្ពៃខ្មៅ និងត្រកួន ។ បន្លែទ្រើងមានននោង ត្រឡាច តាសក់ សណ្តែកកួរ ដាំចម្រុះលាយឡំដើមពោតបារាំងនៅក្បែររងជីគ្រប់មុខ ។ មួយថ្ងៃគ្រួសារអ្នកស្រីអាចទទួលបានចំណូលពីរបរលក់បន្លែក្នុងចន្លោះពី ២ម៉ឺនប្រាំពាន់រៀលទៅ ៥ម៉ឺនរៀល ហើយថ្ងៃខ្លះបានរហូតដល់ ៦ម៉ឺនរៀល ។  

 

អ្នកស្រី ឈិន ណាត សម្អាតស្មៅតាមរងត្រកួន - រូបភាព ម៉ៅ សំណាង 

សម្រាប់រយៈពេលមួយខែគ្រួសារអ្នកស្រីនៅសល់ប្រាក់រវាង ១លានរៀលទៅ ១លានពីរសែនរៀល ឬអាចស្មើនឹង ៣០០ដុល្លារអាម៉េរិកបន្ទាប់ពីទូទាត់ចំណាយនានារួច ។ ប្រាក់ដែលនៅសល់ពីចំណាយការងារដាំដុះ និងចាយវាយប្រចាំថ្ងៃនេះ ត្រូវបែងចែកសម្រាប់ការសិក្សារបស់កូនខ្លះ ទុកសម្រាប់សន្សំវិនិយោគខ្លះ និងទុកសម្រាប់ប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ ។ អ្នកស្រីបានកំណត់ប្រាក់ចំណាយលើការសិក្សារបស់កូនៗ ជាចំណាយអាទិភាពខ្ពស់ជាងគេ បន្ទាប់ពីចំណាយតម្រូវការប្រចាំថ្ងៃ ។

 

អ្នកស្រី ឈិន ណាត បានបញ្ជាក់ត្រង់ចំណុចនេះថា ៖ខ្ញុំមានកូនរៀនបីនាក់ លុយកាក់ហ្នឹងគឺអាចសមល្មមសម្រាប់ពួកគេរៀនសូត្រ គួបផ្សំប្រាក់ខែដែលកូនរកបានខ្លះទៀត ! របរនេះវាមិនសល់អីច្រើនទេ តែវាក៏មិនពិបាកដែរ 

 

ចំណូលរបស់គ្រួសារអ្នកស្រី ឈិន ណាត នៅមិនទាន់រាប់បញ្ចូលចំណូលទទួលពីការចិញ្ចឹមសត្វជ្រូក មាន់ និងទាជាច្រើនក្បាលទៀតនោះទេ ។ ចំណូលពីសត្វចិញ្ចឹមនេះ អ្នកស្រីចាត់ទុកជាចំណូលដុំក្នុងគ្រួសារ ហើយរវាងបីខែ ទៅបីខែកន្លះ ទើបអ្នកស្រីលក់ជ្រូកសាច់ និងមាន់ទាម្តង ។

 

សន្សំប្រាក់ត្រៀមបម្រុងពង្រីកការដាំដុះជាលក្ខណៈគ្រួសារ និងការរីកចម្រើនសហគមន៍

ចំណូលពីមុខរបរកសិកម្មជាចំណូលមិនទៀងទាត់សម្រាប់កសិករ ហើយប្រភពចំណូលនេះទៀតសោត អាចប្រែប្រួលទៅតាមរដូវកាល ដោយសារការប្រែប្រួលអាកាសធាតុ ការអំណោយផលពីធម្មជាតិ និងការប្រែប្រួលតម្លៃទំនិញនៅលើទីផ្សារ ។ អំពីការសន្សំប្រាក់សម្រាប់ការវិនិយោគលើមុខរបរដាំដុះបន្លែវិញ ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន អ្នកស្រី ឈិន ណាត បានចូលរួមសន្សំប្រាក់ជាមួយសមាជិកសហគមន៍កសិកម្មតារាមចំរើនផល ។ ការសន្សំនេះទទួលបានការប្រាក់ប្រចាំឆ្នាំពីសមាជិកដែលបានខ្ចីប្រាក់សមាគមន៍កសិកម្ម ។ កម្ចីទាំងនោះ កសិករតែងយកប្រាក់ទៅវិនិយោគលើការងារកសិកម្ម និងតម្រូវការចាំបាច់ផ្សេងៗ ។ 

 

អ្នកស្រី ឈិន ណាត ចាត់ទុកការសន្សំប្រាក់នៅសហគមន៍កសិកម្មតារាមចំរើនផល ជាវិធីសាស្ត្រសន្សំ និងវិនិយោគសម្រាប់រយៈពេលវែង ។ ទោះបីការសន្សំប្រាក់នៅទីនេះ ទទួលបានការប្រាក់តិច ប៉ុន្តែជាការត្រៀមលុយកាក់ទុកសម្រាប់ពង្រីងការដាំដុះបន្ថែម ឬសន្សំលុយទុកត្រៀមបង្កាហានិភ័យលើការដាំដុះជាយថាហេតុ ។

 

ដីចម្ការខាងក្រោយផ្ទះអ្នកស្រី ឈិន ណាត ដាំសណ្តែកខៀវ បន្ទាប់ពីប្រមូលផលតាសក់ - រូបភាព ម៉ៅ សំណាង 

ស្របគ្នានេះ អ្នកស្រី ឈិន ណាត និងស្វាមីកំពុងសន្សំប្រាក់ដោយសន្សំចិត្តចង់សង់ផ្ទះសំណាញ់មួយខ្នង ដើម្បីដាំដុះបន្លែសុវត្ថិភាពឱ្យបានគ្រប់រដូវ លក់ទៅកាន់ឈ្មួញកណ្តាលនៅផ្សារតារាម ។ អ្នកស្រីថា ផ្ទះសំណាញ់មួយត្រូវចំណាយប្រាក់ចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់ដុល្លារអាម៉េរិក ។ ពេលនេះអ្នកស្រីពុំទាន់មានលុយសាងសង់គ្រប់គ្រាន់នោះទេ ។ អ្នកស្រីបានប្រាប់ថា ដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់ងាយស្រួលគ្រប់គ្រង និងថែទាំ ព្រមទាំងអាចដាំដុះបន្លែបានគ្រប់រដូវកាល ដែលអាចបន្សាំការដាំដុះឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដូចសព្វថ្ងៃ ។ 

 

ខ្ញុំមានមិនលុយច្រើនទេ តែសន្សំលុយជាមួយសមាជិកសហគមន៍កសិកម្មខ្លះទៅ ទុកគ្រាន់ប្រើប្រាស់ថ្ងៃក្រោយ ខ្ញុំអាចដកវិញខ្លះ ឬខ្ញុំអាចខ្ចីពីសហគមន៍ថែមក៏បាន ព្រោះខ្ចីនៅហ្នឹងមានការប្រាក់សមរម្យ ហើយងាយស្រួលសម្រាប់កសិករដូចយើង។ ទន្ទឹមនឹងការលើកឡើងនេះ អ្នកស្រី ឈិន ណាត ក៏បង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនថា ការសន្សំប្រាក់ជាមួយសហគមន៍កសិកម្ម អាចជួយដល់កសិករដទៃទៀត មានលទ្ធភាពពង្រីកមុខរបរកសិកម្មដូចគ្នា ហើយសហគមន៍កសិកកម្មដែលអ្នកស្រីចូលរួមនឹងកាន់តែរីកចម្រើនផងដែរ ។    

 

ជុំវិញរឿងសន្សំប្រាក់របស់កសិករជនបទនេះ លោក យ៉ាត ភក្តី ហេរញ្ញិក នៃសហគមន៍កសិកម្មតារាមចំរើនផល មានប្រសាសន៍ថា សព្វថ្ងៃសហគមន៍កសិកម្មមានសមាជិកចូលរួមសរុបចំនួន ២៤០គ្រួសារ ប៉ុន្តែសមាជិកជាក្រុមសន្សំប្រាក់មានតែ ៨០គ្រួសារតែប៉ុណ្ណោះ ។ ការសន្សំប្រាក់នេះ បានជួយដល់សមាជិកសហគមន៍យ៉ាងច្រើន ។ សហគមន៍កសិកម្មមានគោលការណ៍ច្បាស់លាស់ រាល់ពេលផ្តល់កម្ចីទៅកាន់សមាជិកណាម្នាក់ និងពិនិត្យលើតម្រូវការជាក់ស្តែងរបស់កសិករ ។

 

លោក យ៉ាត ភក្តី ហេរញ្ញិកសហគមន៍កសិកម្មតារាមចំរើនផល មានប្រសាសន៍បញ្ជាក់ ៖បើនិយាយទៅការចូលរួមសន្សំរបស់កសិករយើង គឺជួយពួកគាត់បានច្រើន ព្រោះគាត់ងាយស្រួលប្រើប្រាស់កម្ចី លឿនរហ័ស ដោយសារសហគមន៍ស្គាល់ច្បាស់ពីតម្រូវការរបស់កសិករ ហើយអត្រាការប្រាក់វិញ មួយឆ្នាំត្រឹមតែ ៩ភាគរយប៉ុណ្ណោះ  

 

និយាយអំពីគ្រួសារកសិករឆ្នើមក្នុងសហគមន៍កសិកម្មវិញ លោក យ៉ាត ភក្តី បានឱ្យដឹងទៀតថា គ្រួសារអ្នកស្រី ឈិន ណាត ជាគ្រួសារកសិករដែលឧស្សាហ៍ជាងគេក្នុងការងារដាំដុះបន្លែ ដោយគ្រួសារនេះអាចដាំបន្លែចម្រុះមុខបានគ្រប់រដូវ ។ ការដាំបន្លែចម្រុះមុខជួយឱ្យពួកគាត់មានបន្លែលក់រាល់ថ្ងៃ ព្រមទាំងមានចំណូលជាប្រចាំមិនដាច់ ។ ពិសេសជាងនេះ ទាំងពីរនាក់ប្តីប្រពន្ធមានលទ្ធភាពគ្រប់គ្រាន់ ជួយឱ្យកូនបន្តការសិក្សាសាកលវិទ្យាល័យនៅភ្នំពេញ និងនៅខេត្តសៀមរាប ។ 

 

និយាយបណ្តើរយកដៃទាញក្រមាមកជូតតំណក់ញើសតូចៗកំពុងលេចឡើងលើផ្ទៃមុខបណ្តើរ អ្នកស្រី ឈិន ណាត បានឱ្យដឹងថា មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគសន្សំនៅសហគមន៍កសិកម្ម អ្នកស្រីបានគិតគ្រប់សព្វរាល់ចំណូល និងការចំណាយផ្សេងៗក្នុងគ្រួសារ ។ ការបែងចែកប្រាក់ចំណូល និងប្រាក់ចំណាយគ្រប់ច្រកប្រៀបដូចម្រាមដៃទាំងដប់ជ្រោងឡើងព្រមគ្នានេះ បានជំរុញឱ្យអ្នកស្រីខិតខំបំពេញតួនាទីជាកសិករយ៉ាងខ្ជាប់ខ្ជួន ដាំដុះបន្លែមិនលុះថ្ងៃ និងជាម្តាយឪពុកនៅក្នុងគ្រួសារដែលមានទំនួលខុសត្រូវលើអនាគតកូន ។  

 

ដាំដុះបន្លែសុវត្ថិភាពជួយសុខភាពគ្រួសារ និងសុខភាពប្រជាជនក្នុងសហគមន៍

ក្រៅពីរបរធ្វើស្រែមួយឆ្នាំម្តង ការងារដាំបន្លែបង្ការខួបប្រាំងខួបវស្សា ដែលគ្រួសារអ្នកស្រី ឈិន ណាត កំពុងអនុវត្ត បានក្លាយជាប្រព័ន្ធខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្មស្បៀងដ៏សំខាន់នៅក្នុងគ្រួសារ ។ អង្ករ បន្លែចម្រុះ និងសាច់ដែលមានស្រាប់ បានជួយឱ្យគ្រួសារមានស្បៀងអាហារទទួលទានគ្រប់គ្រាន់ ព្រមទាំងជួយដល់សុខភាពសមាជិកគ្រួសារទាំងមូល ។ អ្នកស្រី ឈិន ណាត បានពន្យល់បន្ថែមថា ការសម្រេចចិត្តដាំបន្លែចម្រុះមុខរបស់គ្រួសារអ្នកស្រី បានជួយកាត់បន្ថយការចំណាយនានា ខណៈគ្រួសារអ្នកស្រីមានលទ្ធភាព (ចំណេះដឹងកសិកម្ម) និងធនធានអំណោយផលដល់ការងារដាំដុះបន្លែ ។   

 

អ្នកស្រី ឈិន ណាត ផ្តល់បទសម្ភាសន៍ - រូបភាព ម៉ៅ សំណាង 

ដាំបន្លែនេះបានប្រយោជន៍ច្រើនណាស់ យើងបានទាំងលុយកាក់ផង បានទាំងសុខភាពផង! អ្នកភូមិជុំវិញងាយស្រួលរកទិញ ថ្មើរណាក៏បាន ! ហើយបើទំនេរដឹកទៅផ្សារតារាមបន្តិចលក់អស់ហើយ ព្រោះបន្លែយើងគេដឹងដាំដុះមានសុវត្ថិភាព! អ្នកដែលអត់ក្នុងភូមិខ្ញុំចែកឱ្យគាត់ហូប មិនដែលគិតលុយទេ ។ នេះជាការបញ្ជាក់របស់អ្នកស្រី ឈិន ណាត ។

 

ចំណែកលោក ភាគ ភត អាយុ ៥៤ឆ្នាំ ត្រូវជាស្វាមីអ្នកស្រី ឈិន ណាត មានប្រសាសន៍ថា លោកដាំដុះបន្លែសព្វថ្ងៃប្រើប្រាស់ជីធម្មជាតិផលិតពីលាមកសត្វ និងប្រើប្រាស់ជីសរីរាង្គ (ជីទឹក) ផ្សំពីផ្លែឈើធម្មជាតិ សំបុកកណ្តៀរ និងស្កររងូ (ស្ករត្នោត) ។ ប្រើប្រាស់ជីសរីរាង្គផលិតដោយខ្លួនឯង ជួយសន្សំសំចៃ ហើយប្រើតាមបច្ចេកទេសកសិកម្មទំនើប មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ឬអ្នកទទួលទានបន្លែឡើយ ។ 

 

លោក ភាគ ភត បានប្រាប់ពីការងារដាំដុះរបស់គាត់ថា ៖ដាំដំណាំត្រូវមានរបង ឬប្រើសំណាញ់ការពារកុំឱ្យសត្វចិញ្ចឹមចូល ហើយបើយើងថែទាំបានល្អ ដំណាំក៏លូតលាស់លឿនតាមហ្នឹងដែរ ! មួយទៀតខ្ញុំប្រើជីធម្មជាតិ ដោយសារជីធម្មជាតិធ្វើឱ្យបន្លែមានសុវត្ថិភាពល្អ ! បន្លែគុណភាពល្អ គេមករកយើងទៀតថ្ងៃក្រោយ 

 

៣ឆ្នាំអ្នកស្រី ឈិន ណាត ជួបគ្រោះថ្នាក់ចរាចរណ៍ពីរលើក ចំណាយប្រាក់ស្ទើរអស់ពីគ្រួសារ

និយាយដល់ចំណុចត្រង់នេះ ថ្វីត្បិតប្រាក់ចំណូលដែលទទួលបានពីការងារដាំដុះបន្លែបង្ការ បានជួយដល់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ពិតមែន ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុចំនួនពីរលើក រង្វង់រយៈពេលបីឆ្នាំជាប់គ្នានាពេលកន្លងទៅ បានបង្អាក់និងរារាំងការរីកចម្រើនរបស់គ្រួសារអ្នកស្រី ឈិន ណាត រហូតស្ទើរអស់លុយកាក់ពីគ្រួសារ ។ 

 

អ្នកស្រី ឈិន ណាត រំលឹកអតីតកាលដែលជួបគ្រោះថ្នាក់ចរាចរណ៍លើកទី១ ក្នុងឆ្នាំ២០១៩ ដោយកាលនោះត្រូវឡានកៀរពីក្រោយ ខណៈអ្នកស្រីធ្វើដំណើរចេញពីចម្ការឳឡឹកមកផ្ទះវិញ កំពុងត្រៀមឆ្លងផ្លូវជាតិលេខ៦ នៅរវាងម៉ោង ៦កន្លះល្ងាចព្រលប់ៗ ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យអ្នកស្រីរងរបួសប៉ះពាល់ឆ្អឹងច្រមុះ និងបាក់ឆ្អឹងក្រោមភ្នែកធ្ងន់ធ្ងរ រហូតដល់សម្រាកព្យាបាលនៅមន្ទីរពេទ្យយូរខែ ។   

 

លើកទីពីរគ្រោះថ្នាក់ម្តងទៀតនៅឆ្នាំ២០២១ គឺម៉ូតូគេជិះមកបុកតែម្តង ពេលខ្ញុំមកពីលក់បន្លែនៅផ្សារតារាម! ម្តងក្រោយនេះ ខ្ញុំបាក់ឆ្អឹងក្រោយខ្នងបោះដៃផុត ត្រូវដេកពេទ្យទៀត ! ពេលហ្នឹង គឺចំណាយអស់លុយកាក់ពីផ្ទះ ហើយកូនស្រីក៏រវល់ថែទាំម៉ែ គ្នាមិនបានទៅរៀនជាប់លាប់ដូចគេ តែសំណាងហើយមិនគ្រោះថ្នាក់ដល់ជីវិត...” ។ នេះបើតាមការរៀបរាប់របស់អ្នកស្រី ឈិន ណាត ។  

 

អ្នកស្រី ឈិន ណាត ផ្តល់បទសម្ភាសន៍ - រូបភាព ម៉ៅ សំណាង 

ឆ្លងកាត់គ្រោះថ្នាក់ចៃដន្យទាំងពីរលើក អ្នកស្រី ឈិន ណាត បានប្រាប់បន្តថា រំលឹករឿងនេះអ្នកស្រីសោកស្តាយចំពោះអតីតកាល ដែលខ្វះការប្រុងប្រយ័ត្នពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយស្តាយលុយកាក់ជាច្រើនដែលខំប្រឹងសន្សំ ត្រូវចំណាយព្យាបាលអស់គ្មានសល់ ។ សព្វថ្ងៃឥទ្ធិពលបន្សល់ពីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរលើក បានធ្វើឱ្យរាងកាយ និងកម្លាំងកាយរបស់អ្នកស្រីចុះខ្សោយ មិនអាចបំពេញការងារពេញដៃពេញជើងដូចពេលមុន ។ 

 

ទោះយ៉ាងណា បច្ចុប្បន្ននេះអ្នកស្រី ឈិន ណាត បានចាត់ទុកហេតុការណ៍ដែលជួបកន្លងទៅ គ្រាន់តែជាស្រមោលឈឺចាប់ក្នុងអតីតកាលតែប៉ុណ្ណោះ អ្វីដែលអ្នកស្រីចង់ធ្វើបន្ត គឺការថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ចែករំលែកផលបន្លែទៅកាន់អ្នកភូមិដែលខ្សត់ខ្សោយជីវភាព និងជួយជ្រោមជ្រែងកូនស្រីពៅរបស់គាត់ដែលកំពុងសិក្សានៅភ្នំពេញ ឱ្យរៀនចប់ថ្នាក់មហាវិទ្យាល័យដូចបំណងប្រាថ្នា ។ 

 

អ្នកស្រី ឈិន ណាត ៖អាកាលហ្នឹងមានធានារ៉ាប់រងអីមកពីណាលោកគ្រូ ! ហើយយើងអ្នកដាំបន្លែមានការងារចំណូលអីទៅភ្ជាប់រឿងធានារ៉ាប់រងហ្នឹង តែខ្ញុំថា បើកាលនោះមានធានារ៉ាប់រងគ្រោះថ្នាក់អី ប្រហែលមិនអស់លុយយើងទេ ព្រោះក្រុមហ៊ុនគេចេញថ្លៃព្យាបាលឱ្យយើង ! តែឥឡូវខ្ញុំចង់ទៅធ្វើប...ប្រើនឹងគេ ព្រោះលឺគេថា ឱ្យតែយើងមានចំណូលគឺធ្វើបាន...”  

 

ប័ណ្ណប... ដែលអ្នកស្រី ឈិន ណាត កំពុងនិយាយនេះ សម្តៅដល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់អនុវត្តក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីឱ្យសាធារណជនមានលទ្ធភាពពិនិត្យ ព្យាបាល និងថែទាំងសុខភាពនៅតាមមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនជាដៃគូ ។ ការប្រើប្រាស់ប័ណ្ណប... សម្រាប់បុគ្គលស្វ័យនិយោជន៍ តម្រូវឱ្យបុគ្គលបង់វិភាគទានប្រចាំខែចំនួន ១៥,៦០០រៀលជារៀងរាល់ខែ ។ ប័ណ្ណប... សម្រាប់បុគ្គលស្វ័យនិយោជន៍ មានវិសាលភាពខុសពីការប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងអាយុជីវិត ឬកញ្ចប់ធានារ៉ាប់ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងណាមួយ ។   

 

នៅពេលសួរនាំបន្តអំពីការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ដើម្បីធានារ៉ាប់រងហិរញ្ញវត្ថុគ្រោះថ្នាក់ផ្សេងៗ អ្នកស្រី ឈិន ណាត បានបញ្ជាក់ថា អ្នកស្រីធ្លាប់ឮព័ត៌មាននេះ តែមិនដឹងព័ត៌មានច្រើននោះទេ ហើយក៏សូវមិនចាប់អារម្មណ៍ដែរ ។ អ្នកស្រីដឹងត្រឹមថា បង់លុយឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយបើអ្នកបង់ជួបគ្រោះថ្នាក់អ្វីមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចេញលុយសងវិញ ។ 

 

ភ្លាមៗនោះ អ្នកស្រី ឈិន ណាត ញញឹមហើយពន្យល់តបថា សព្វថ្ងៃអ្នកស្រីគ្មានលទ្ធភាពបង់ប្រាក់ធានារ៉ាប់រងអាយុជីវិតនោះទេ ព្រោះគ្រួសារអ្នកស្រីមានសមាជិកច្រើន ហើយបន្ទុកចំណាយផ្សេងៗ សំខាន់ជាងបង់ប្រាក់ទៅក្រុមហ៊ុនធានារ៉ាប់រង ។ ចំពោះអ្នកស្រី ឈិន ណាត ការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត គឺសម្រាប់តែអ្នកមានជីវភាពធូរធារតែប៉ុណ្ណោះ ។ ប្រសិនបើថ្ងៃខាងមុខមានលទ្ធភាព អ្នកស្រីនឹងពិចារណាលើការប្រើប្រាស់សេវាធានារ៉ាប់រងផ្សេងៗដូចគេដែរ ។

 

គួរបញ្ជាក់ថា មាត្រា៤ ច្បាប់ស្តីពីការធានារ៉ាប់រង (២០១៤) បានឱ្យដឹងថា ការធានារ៉ាប់រង សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ។ អ្នកដែលបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រង ត្រូវធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិ ដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះ ឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ។

 

ទិញធានារ៉ាប់រងអាយុជីវិតជួយធានាដល់បន្ទុកហានិភ័យហិរញ្ញវត្ថុគ្រួសារ

តាមការកត់សម្គាល់គ្រួសារកសិករកម្ពុជារស់នៅតាមទីជនបទមួយចំនួន តែងចាត់ទុកការប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច អាចជារឿងថ្មី និងមិនទាន់ក្លាយជាអាទិភាពចម្បងដែលត្រូវចំណាយប្រាក់វិនិយោគនោះទេ ។ ភស្តុតាងជាក់ស្តែង ដូចជាគ្រួសារអ្នកស្រី ឈិន ណាត ។ បើធៀបនឹងវិស័យធនាគារ វិស័យធានារ៉ាប់រងអាចជាការបោះជំហ៊ានបន្ទាប់ ដោយសារវិសាលភាពនៃការផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានជាសាធារណៈ មិនទាន់ទូលំទូលាយនៅឡើយ ។  ផ្ទុយទៅវិញការជ្រើសរើសយកសេវាកម្មធានារ៉ាប់រងអាយុជីវិត គឺជាលទ្ធភាពធានាលើហានិភ័យហិរញ្ញវត្ថុរបស់គ្រួសារនីមួយៗប្រកបដោយទំនួលខុសត្រូវ ។ 

 

ជាក់ស្តែងនៅក្នុងវេទិកាការីនិពន្ធ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ រៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ លោក ជឹម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia មានប្រសាសន៍ថា បច្ចុប្បន្នសាធារណជននៅមានចម្ងល់ជាច្រើន ថាតើយើងធានាអាយុជីវិតបានដោយរបៀបណា? ការធានារ៉ាប់រងអាយុជីវិតមិនមែនជាការធានាមិនឱ្យឈឺ ឬមិនឱ្យស្លាប់ទេ តែជាការធានាលើហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានលើបុគ្គល ឬក្រុមគ្រួសារ ប្រសិនបើមានហេតុការណ៍ណាមួយប៉ះពាល់ដល់អាយុជីវិត ដែលអាចនឹងបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុដល់សមាជិកគ្រួសារដែលនៅរស់រានបន្តទៀត ។

 

លោក ជឹម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia មានប្រសាសន៍នៅវេទិកាការីនិពន្ធ - រូបភាព DMC 

លោក ជឹម គង់ហ៊ុយ អ្នកជំនាញក្នុងវិស័យធានារ៉ាប់រង និងវិស័យធនាគារ មានបទពិសោធន៍ជាង ២៥ឆ្នាំរូបនេះ បានលើកឡើងថា ៖តាមពិតទៅការធានារ៉ាប់រងអាយុជីវិតផ្សារភ្ជាប់គ្នាយ៉ាងជិទស្និទ្ធទៅនឹងផែនការណ៍ហិរញ្ញវត្ថុ ។ ផលិតផលធានារ៉ាប់រងអាយុជីវិត មិនត្រឹមតែជាមធ្យោបាយធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយសន្សំប្រាក់ដ៏មានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់ក្នុងគោលដៅសំខាន់ៗរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ”  

 

ទន្ទឹមគ្នានេះ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia លោក ជឹម គង់ហ៊ុយ បានបញ្ជាក់បន្ថែមថា ការធានារ៉ាប់រងអាយុជីវិតជាការបង្កើតមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំមួយសម្រាប់ក្រុមគ្រួសារ ។ ជាក់ស្តែង អតិថិជនជាច្រើនបានជ្រើសរើសសេវាកម្មធានារ៉ាប់រងអាយុជីវិតនេះ សន្សំសម្រាប់ការសិក្សារបស់កូនៗ និងសម្រាប់គោលដៅសំខាន់ៗក្នុងជីវិតរបស់ពួកគាត់ ។ 

 

តាមទិន្នន័យទីផ្សារធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៣ បង្ហាញដោយនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជាមានអ្នកប្រើប្រាស់សរុបចំនួន ១,៤លាននាក់ ធៀបនឹងប្រជាជនសរុបចំនួនជាង ១៦លាននាក់ ដែលចំនួនអ្នកប្រើប្រាស់នេះហាក់តិចនៅឡើយ ។ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ដែលមានទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាម៉េរិក និងមានទុនវិនិយោគផ្ទាល់ប្រមាណជិត ៥០០លានដុល្លារអាម៉េរិក ។ 

 

សូមជម្រាបថា បើតាមប្រសាសន៍របស់ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា វិស័យធានារ៉ាប់រងជាមុំមួយក្នុងចំណោមមុំទាំងបីនៃអក្ខរកម្មហិរញ្ញវត្ថុ ។ មុំទាំងបីនៃអក្ខរកម្មហិរញ្ញវត្ថុ រួមមាន វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យផ្សារមូលបត្រ ។ ការទិញធានារ៉ាប់រងអាយុជីវិតជាការទិញកិច្ចសន្យាធានារ៉ាប់រង ដែលធានាដល់បន្ទុកហិរញ្ញវត្ថុពីហានិភ័យផ្សេងៗ ។ ក្រុមហ៊ុនរ៉ាប់រងនឹងធានាផ្តល់កញ្ចប់ហិរញ្ញវត្ថុជាសំណងតាមកិច្ចព្រមព្រៀង ឬផ្តល់សំណងត្រឡប់វិញក្នុងរយៈពេលកំណត់ជាក់លាក់ ។

 

ជុំវិញការលើកឡើងពីទិដ្ឋភាពអក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជានេះ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់សម្រាប់ប្រជាជន និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើន ។ អត្រាអក្ខរកម្មហិរញ្ញវត្ថុខ្ពស់ក្នុងចំណោមប្រជាជន អាចនាំមកនូវសុខដុមនីយកម្ម និងសុខមាលភាពផ្លូវចិត្តល្អប្រសើរក្នុងសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ៕ 

 

អ្នកស្រី ឈិន ណាត និងស្វាមីលោក ភាគ ភត កូនស្រីពៅ និងចៅស្រី - រូបភាព ម៉ៅ សំណាង 

 

រក្សាសិទ្ធិអត្ថបទដោយ ម៉ៅ សំណាង 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង